ប្រទេសបារាំង កាលពីថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) បានអំពាវនាវឲ្យអ៊ីស្រាអែលលុបចោលឧបសគ្គទាំងអស់ ដែលរារាំងចំពោះលំហូរជំនួយមនុស្សធម៌ នៅតំបន់ហ្កាហ្សា និងធានាការពារបុគ្គលិក និងធនធានរបស់អង្គការសហប្រជាជាតិ (UN) ដោយព្រមានថា ស្ថានភាពនៅនឹងកន្លែងនៅតែមាន «មហន្តរាយ»។
អំឡុងពេលថ្លែងនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ UN លោក Jerome Bonnafont បេសកជនប្រចាំនៅ UN របស់បារាំង បានលើកឡើងថា បទឈប់បាញ់ នៅតំបន់ហ្កាហ្សា នៅតែផុយស្រួយ ទោះបីជាមានកិច្ចប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់ក៏ដោយ។

ដោយសង្កត់ធ្ងន់លើតម្រូវការ «ដើម្បីសម្រួលដល់ការជម្លៀសផ្នែកវេជ្ជសាស្ត្រតាមរយៈអង្គការសុខភាពពិភពលោក (WHO)» លោក Bonnafont បាននិយាយថា៖ «ប្រទេសបារាំងអំពាវនាវឲ្យអ៊ីស្រាអែលលុបចោលការរារាំងទាំងអស់ ចំពោះការដឹកជញ្ជូនជំនួយ ការពារបុគ្គលិក និងធនធានរបស់ UN»។
លោកបានកត់សម្គាល់ថា ៦ខែបន្ទាប់ពីមានការអនុម័តសេចក្តីសម្រេចរបស់ UN ដែលគាំទ្រផែនការសន្តិភាពគាំទ្រដោយសហរដ្ឋអាមេរិក ស្ថានភាព នៅតំបន់ហ្កាហ្សា មានភាពប្រសើរឡើងតិចតួចណាស់ ដោយវិបត្តិមនុស្សធម៌នៅតែធ្ងន់ធ្ងរដដែល។
លោកបានសង្កត់ធ្ងន់ថា៖ «បទឈប់បាញ់នៅតែមិនប្រាកដប្រជា ស្ថានភាពមនុស្សធម៌នៅតែស្ថិតក្នុងស្ថានភាពមហន្តរាយ»។ បេសកជនរូបនេះបានបន្ថែមថា ប្រទេសបារាំងរំពឹងថា នឹងមាន «ភាពល្អប្រសើរជាក់ស្តែង សម្រាប់ស្ថានភាពរបស់ប្រជាជនប៉ាឡេស្ទីន» នៅដំណាក់កាលបន្ទាប់៕


