រដ្ឋមន្ត្រីសន្តិសុខម៉ិកស៊ិក លោក Omar Garcia Harfuch បាននិយាយកាលពីថ្ងៃអង្គារ (ទី២៨ ខែមេសា ឆ្នាំ២០២៦) ថា កងទ័ពជាង ១៣០.០០០នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការវាយប្រហារដោយក្រុមជួញដូរគ្រឿងញៀន ដែលជាការសងសឹក ចំពោះការចាប់ខ្លួនមេខ្លោង និងអ្នកយុទ្ធសាស្ត្រហិរញ្ញវត្ថុជាន់ខ្ពស់របស់គេ។
កាលពីថ្ងៃចន្ទ កងកម្លាំងម៉ិកស៊ិក បានវាយប្រហារទៅលើក្រុមជួញដូរគ្រឿងញៀន Jalisco New Generation Cartel (CJNG) ដោយបានចាប់ខ្លួនមេក្រុមឈ្មោះ Audias Flores Silva ដែលត្រូវបានគេស្គាល់ផងដែរថា ឈ្មោះ «El Jardinero» និងលោក Cesar Alejandro N ដែលត្រូវបានគេស្គាល់ថា ជាអ្នកយុទ្ធសាស្ត្រហិរញ្ញវត្ថុដ៏សំខាន់របស់មេក្រុមគ្រឿងញៀនរូបនេះ។
ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន លោក Harfuch បាននិយាយថា ការចាប់ខ្លួនទាំងនេះ ធ្វើឲ្យមានឲ្យចុះខ្សោយ ទាំងផ្នែកសមត្ថភាពប្រតិបត្តិការ ការដឹកជញ្ចូន និងហិរញ្ញវត្ថុរបស់ក្រុមជួញដូរគ្រឿងញៀន CJNG ជាក្រុមមួយដែលបានពង្រីកឥទ្ធិពល និងអំណាចរបស់ខ្លួនហួសពីប្រទេស។

លោកបានបន្ថែមថា «ការដាក់ពង្រាយកងកម្លាំងជាបន្ទាន់ ត្រូវបានបញ្ជាឲ្យទប់ស្កាត់ការវាយប្រហារដែលអាចកើតមាន និងធានាសុវត្ថិភាពសាធារណៈ» ដែលពាក់ព័ន្ធនឹងកងទ័ពចំនួន ១៣០.០០០នាក់។
យោងតាមលោក Harfuch បានឲ្យដឹងថា លោក Flores Silva មានដីកាចាប់ខ្លួនបណ្តោះអាសន្នសកម្ម សម្រាប់ការធ្វើបត្យាប័ន ជុំវិញការចោទប្រកាន់ពីបទឃុបឃិតព្រហ្មទណ្ឌ ទាក់ទងនឹងការជួញដូរគ្រឿងញៀន និងការកាន់កាប់អាវុធដោយខុសច្បាប់ ដែលចេញដោយតុលាការតំបន់ Columbia នៅសហរដ្ឋអាមេរិក៕
