នៅថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) នេះ ប្រព័ន្ធផ្សព្វផ្សាយ SBS News បានរាយការណ៍ថា និយតករសុវត្ថិភាពអនឡាញជាន់ខ្ពស់របស់ប្រទេសអូស្ត្រាលី បានប្រាប់ថា លោកស្រីបានទទួលការគំរាមកំហែងយកជីវិត និងការរំលោភបំពានយ៉ាងទូលំទូលាយ បន្ទាប់ពីមានការដាក់ចេញនូវការហាមឃាត់បណ្ដាញសង្គមដ៏ចម្រូងចម្រាសមួយ។
លោកស្រី Julie Inman Grant ដែលជាប្រធានគណៈកម្មការសុវត្ថិភាពអេឡិចត្រូនិក (eSafety) របស់ប្រទេស បាននិយាយថា ប្រតិកម្មអវិជ្ជមានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីច្បាប់ថ្មីដែលពន្យារពេលការចូលប្រើប្រាស់បណ្ដាញសង្គមរបស់កុមារ រហូតដល់អាយុ ១៦ឆ្នាំ ត្រូវបានប្រកាស។

ក្នុងរង្វង់រយៈពេល ២៤ម៉ោងនៃការរិះគន់ជាសាធារណៈពីលោក Elon Musk ដែលបានដាក់ឈ្មោះលោកស្រីថា ជា «មេត្រួតពិនិត្យ» ការបង្ហោះវាយប្រហារប្រហែល ៧៥.០០០សារ ត្រូវបានសំដៅទៅលើរូបលោកស្រី តាមប្រព័ន្ធអ៊ីនធឺណិត ដោយភាគច្រើនត្រូវបានពិពណ៌នាថា ជាសារពេញដោយហិង្សា បង្កគ្រោះថ្នាក់ និងអ្វីដែលត្រូវបានជឿថា ជាការគំរាមសម្លាប់។
អំឡុងពេលថ្លែងនៅឯវេទិកាសមភាពយេនឌ័រ រួមជាមួយអតីតនាយករដ្ឋមន្ត្រី លោក Julia Gillard លោកស្រី Inman Grant បាននិយាយថា លោកស្រីត្រូវបានគេបង្ហាញព័ត៌មានផ្ទាល់ខ្លួន ត្រូវបានកំណត់គោលដៅដោយរូបភាពបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) និងទទួលរងនូវការរំលោភបំពានយេនឌ័រ។
ជាមួយគ្នានេះ លោកស្រីបានសម្តែងក្ដីបារម្ភ អំពីការគំរាមកំហែងដែលរីករាលដាលដល់គ្រួសាររបស់លោកស្រី ដោយចោទសួរពីរបៀបធានាសុវត្ថិភាពឲ្យពួកគេ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន អូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេបង្អស់របស់ពិភពលោក ដែលហាមឃាត់មិនឲ្យបង្កើតគណនីបណ្ដាញសង្គម សម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ៕
