ក្រសួងការបរទេសបារាំង នាថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) នេះ បានផ្ដល់អនុសាសន៍ថា ពលរដ្ឋបារាំង ត្រូវចាកចេញពីប្រទេសម៉ាលីជាបណ្ដោះអាសន្ន «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
ដោយបានណែនាំពលរដ្ឋបារាំងឲ្យរៀបចំផែនការចាកចេញ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បន្ទាប់ពីមានការវាយប្រហារ នៅទីតាំងជាច្រើនទូទាំងប្រទេស ក្នុងនោះរួមទាំងទីក្រុងបាម៉ាកូ (Bamako) ផងដែរនោះ ស្ថានភាពសន្តិសុខ នៅតែមានការប្រែប្រួលខ្លាំងណាស់»។

ទីក្រុងប៉ារីសបានជំរុញឲ្យពលរដ្ឋរបស់ខ្លួន ដែលនៅតែស្ថិតនៅក្នុងប្រទេសនេះឲ្យស្នាក់នៅក្នុងផ្ទះ និងបន្តមានទំនាក់ទំនងជាមួយសាច់ញាតិ។ ក្រសួងបានបញ្ជាក់ថា «ប្រសិនបើពួកគេត្រូវតែធ្វើដំណើរ ពួកគេត្រូវបានជំរុញឲ្យមានការប្រុងប្រយ័ត្នបំផុត» ដោយអំពាវនាវឲ្យពលរដ្ឋអនុវត្តតាមការណែនាំ ពីអាជ្ញាធរមូលដ្ឋានយ៉ាងខ្ជាប់ខ្ជួន។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ណែនាំនេះ បានកើតឡើងបន្ទាប់ពីមានការវាយប្រហារដែលមានការរៀបចំស្របគ្នាជាបន្តបន្ទាប់ដោយក្រុមប្រដាប់អាវុធជាច្រើន ក្នុងនោះរួមទាំងក្រុមសកម្មប្រយុទ្ធ JNIM ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរណសិរ្សរំដោះ Azawad Liberation Front ដែលជាសម្ព័ន្ធមិត្តឧទ្ទាមដឹកនាំដោយជនជាតិ Tuareg កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក នៅទូទាំងទីក្រុងជាច្រើន រួមទាំងរដ្ឋធានីបាម៉ាកូផងដែរ៕

