ប្រទេសចិន នៅថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ជាថ្មីម្ដងទៀតពីការអំពាវនាវរបស់ខ្លួន កុំឲ្យមានការចាប់ផ្ដើមឡើងវិញនូវជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយព្រមានថា ភាពតានតឹងកាន់តែខ្លាំងឡើងៗ អាចមានផលវិបាកយ៉ាងធំធេងដល់សេដ្ឋកិច្ចពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បាននិយាយថា ស្ថានភាព នៅតំបន់មជ្ឈិមបូព៌ា បានរំខានដល់ទីផ្សារថាមពលសកលរួចទៅហើយ ដែលនាំឲ្យមានការខ្វះខាតការផ្គត់ផ្គង់ និងការលំបាកផ្នែកសេដ្ឋកិច្ច សម្រាប់ប្រទេសជាច្រើន។

លោក Lin បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ចំណុចសំខាន់ គឺត្រូវធ្វើកិច្ចប្រឹងប្រែងទាំងអស់ ដើម្បីបញ្ចៀសការឆាបឆេះឡើងនូវអណ្តាតភ្លើងសង្គ្រាម»។ លោកបានព្រមានថា អស្ថិរភាពជាបន្តបន្ទាប់ អាចបង្កឲ្យមានភាពចលាចលក្នុងតំបន់កាន់តែទូលំទូលាយ និងធ្វើឲ្យខូចដល់ការអភិវឌ្ឍសេដ្ឋកិច្ចសកល។
លោកបានសង្កត់ធ្ងន់ថា ដំណោះស្រាយជាមូលដ្ឋាន អាស្រ័យលើទប់ស្កាត់កុំឲ្យភាពតានតឹងកើនឡើងបន្ថែមទៀត និងលើកកម្ពស់បទឈប់បាញ់គ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
ជាមួយគ្នានេះ ប្រទេសចិនក៏បានប្ដេជ្ញាផងដែរថា នឹងបន្តចូលរួមផ្នែកការទូត ដោយរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីទាំងអស់ ខណៈពេលដែលកំពុងធ្វើការ ដើម្បីការពារខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិដែលមានស្ថិរភាព៕
