អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយនៅថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦ នេះថា ទំនាក់ទំនងរបស់លោកជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅតែមានភាពល្អប្រសើរធម្មតា ទោះបីជាពួកលោករកាំរកូសនឹងគ្នា ជុំវិញសង្គ្រាមអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែលោកបានបញ្ជាក់ជាថ្មី អំពីក្ដីបារម្ភរបស់លោក ចំពោះការប៉ះពាល់ដល់សេដ្ឋកិច្ច ដោយសារជម្លោះនេះ។
ការមិនចុះសម្រុងគ្នានេះ ឆ្លុះបញ្ចាំងពីទស្សនៈផ្ទុយគ្នា រវាងរដ្ឋបាលរបស់លោក Trump និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន នៅក្នុងអង្គការណាតូ (NATO) ពាក់ព័ន្ធបញ្ហាអ៊ីរ៉ង់ និងផ្សេងៗទៀត រួមទាំងជម្លោះអ៊ុយក្រែនផងដែរ។
លោក Merz បានប្រាប់អ្នកសារព័ត៌មានថា៖ «តាមទស្សនៈរបស់ខ្ញុំ ទំនាក់ទំនងផ្ទាល់ខ្លួនរបស់ខ្ញុំជាមួយប្រធានាធិបតីអាមេរិកនៅតែល្អជាធម្មតា។ ខ្ញុំគ្រាន់តែមានមន្ទិលសង្ស័យតាំងពីដំបូង អំពីអ្វីដែលបានចាប់ផ្តើមជាមួយសង្គ្រាម នៅអ៊ីរ៉ង់។ នោះហើយជាមូលហេតុដែលខ្ញុំបានធ្វើការបញ្ជាក់ឲ្យច្បាស់លាស់»។
ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន និងប៊ែរឡាំង កំពុងជជែកគ្នាទៅវិញទៅមក លោក Merz បាននិយាយថា៖ «នៅអាល្លឺម៉ង់ និងអឺរ៉ុប យើងកំពុងមានទុក្ខលំបាក ដោយសារផលវិបាកនានា ដូចជាការបិទច្រកសមុទ្រ Hormuz ជាដើម។ នេះមានផលប៉ះពាល់ដោយផ្ទាល់ទៅលើការផ្គត់ផ្គង់ថាមពលរបស់យើង និងផលប៉ះពាល់យ៉ាងខ្លាំងទៅលើដំណើរការសេដ្ឋកិច្ចរបស់យើង»។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ លោក Trump បានរិះគន់លោក Merz ជុំវិញជំហររបស់លោក ដោយបានលើកឡើងនៅក្នុងសារមួយនៅលើបណ្តាញសង្គមថា អធិការបតីអាល្លឺម៉ង់ គិតថា វាគឺជារឿង «មិនអីទេ» ដែលអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ហើយលោកមិនដឹងថា លោកកំពុងនិយាយអំពីអ្វីនោះទេ។ ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងបន្ទាប់ពីការស្តីបន្ទោសទៅកាន់ទីក្រុងវ៉ាស៊ីនតោនពីសំណាក់លោក Merz កាលពីថ្ងចន្ទ នៅពេលដែលលោកបាននិយាយថា ថ្នាក់ដឹកនាំអ៊ីរ៉ង់ កំពុង «ធ្វើឲ្យសហរដ្ឋអាមេរិកអាម៉ាស់» ដោយធ្វើឲ្យមន្ត្រីអាមេរិកធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន សម្រាប់ការចរចាសន្តិភាព ហើយបន្ទាប់មកធ្វើឲ្យដំណើការនោះគ្មានលទ្ធផលអ្វីទាំងអស់។ លោក Merz ក៏បាននិយាយផងដែរថា លោកមិនបានឃើញយុទ្ធសាស្ត្រចាកចេញអ្វីដែលសហរដ្ឋអាមេរិកកំពុងអនុវត្តនោះទេ៕