មន្ត្រីបាននិយាយនៅថ្ងៃពុធនេះថា អាជ្ញាធរលីបង់បានឃាត់ខ្លួនអតីតឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំប្រទេសលីបង់ពីបទពុករលួយ ភ្លាមៗបន្ទាប់ពីលោកបានមកដល់ប្រទេសនេះ។
មន្ត្រីទាំងនោះ បានអះអាងថា លោក Ashraf Dabbour ត្រូវបានចាប់ខ្លួន នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ Rafik Hariri នៃទីក្រុងបេរូត កាលពីយប់ថ្ងៃអង្គារ។ មន្ត្រីតុលាការពីរនាក់ និងមន្ត្រីសន្តិសុខពីរនាក់ បាននិយាយដោយមិនបញ្ចេញឈ្មោះ ពីព្រោះពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។
ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas) បានដកហូតតំណែងរបស់លោក Dabbour ជាឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំប្រទេសលីបង់កាលពីឆ្នាំមុន បន្ទាប់ពីអាជ្ញាធរប៉ាឡេស្ទីន បានចោទប្រកាន់លោកពីបទពុករលួយ។
មន្ត្រីលីបង់បាននិយាយថា អាជ្ញាធរបានឃាត់ខ្លួនលោក Dabbour នៅទីក្រុងបេរូត ដោយផ្អែកលើនិវេទន៍ក្រហមដែលចេញដោយនគរបាលអន្តរជាតិ (Interpol) កាលពីចុងឆ្នាំមុន៕