នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសអេក្វាឌ័រលោកស្រី Gabriela Sommerfeld បានជួបជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar អំឡុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោកស្រីទៅកាន់ទីក្រុងញូវដែលី ។
លោក Jaishankar និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X ថា ពួកយើងបានពិភាក្សាលើវិធីសាស្រ្តពង្រឹងកិច្ចសហប្រតិបត្តិការ រួមទាំងវិស័យពាណិជ្ជកម្ម សុខភាព កសិកម្ម ឌីជីថល និងការពង្រឹងសមត្ថភាព ក៏ដូចជាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើវេទិកាពហុភាគី ។
លោកស្រី Sommerfeld នឹងធ្វើដំណើរទៅកាន់ស្តូបអនុស្សាវរីយ៍ Rajghat ដើម្បីគោរពរូបសំណាករបស់លោក មហាត្មះ គន្ធី មុនពេលជួបរដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌាលោក J.P. Nadda និងរដ្ឋមន្រ្តីការក្រសួងពាណិជ្ជកម្មលោក Piyush Goyal ។
សូមបញ្ជាក់ថា ឥណ្ឌា និងអេក្វាឌ័រ បានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៦៩ ។ ប្រទេសទាំង ២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់សម្រាប់ការពិគ្រោះយោបល់ក្រសួងការបរទេស កាលពីឆ្នាំ ២០០០ ៕