កងទ័ពលីបង់ នៅថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ទាហានម្នាក់របស់ខ្លួន ស្ថិតក្នុងចំណោមមនុស្ស ២នាក់ដែលត្រូវបានសម្លាប់អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូងប្រទេស ដែលជាការវាយឆ្មក់បណ្ដាលឲ្យមានអ្នកស្លាប់ចុងក្រោយបង្អស់ ទោះបីជាមានបទឈប់បាញ់នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ហេសបូឡាក៏ដោយ។
សេចក្តីថ្លែងការណ៍របស់កងទ័ព បានឲ្យដឹងថា៖ «ទាហានម្នាក់ និងប្អូនប្រុសរបស់គេ ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានកំណត់គោលដៅលើពួកគេ នៅទីក្រុង Khirbet Selm ក្នុងតំបន់ Bint Jbeil ខណៈពេលដែលពួកគេកំពុងធ្វើដំណើរដោយម៉ូតូពីប៉ុស្តិ៍ទាហានឆ្ពោះទៅផ្ទះរបស់ពួកគេ»។
បើយោងតាមតួលេខដែលត្រូវបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសុខាភិបាល បានបង្ហាញថា ការវាយឆ្មក់នេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីមនុស្ស ១១នាក់ រួមទាំងបុគ្គលិកការពារជនស៊ីវិល ៣នាក់ផង ត្រូវបានសម្លាប់ដោយសារការវាយប្រហារ នៅភាគខាងត្បូងប្រទេស ខណៈដែលកងទ័ព ២នាក់ក៏បានរងរបួសផងដែរ។ លោកនាយករដ្ឋមន្ត្រី Nawaf Salam បានហៅការវាយប្រហារដែលបានសម្លាប់បុគ្គលិកការពារជនស៊ីវិលថា ជា «ឧក្រិដ្ឋកម្មសង្គ្រាម»។
បទឈប់បាញ់រយៈពេល ១០ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែមេសា ហើយត្រូវបានបន្តរយៈពេល ៣សប្តាហ៍ទៀត ត្រូវបានគេរំពឹងថា នឹងផ្អាកសង្គ្រាមរយៈពេល ១ខែកន្លះ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលឃើញកងទ័ពអ៊ីស្រាអែលឈ្លានពានភាគខាងត្បូងលីបង់។ ក្រោមបទឈប់បាញ់នេះ អ៊ីស្រាអែលរក្សាសិទ្ធិក្នុងការចាត់វិធានការប្រឆាំងនឹង «ការវាយប្រហារដែលបានគ្រោងទុក ការវាយប្រហារភ្លាមៗ ឬការវាយប្រហារកំពុងកើតមាន»៕