ក្នុងពេលដ៏ខ្លីខាងមុខនេះ អ្នកលើកអីវ៉ាន់ជប៉ុន នឹងត្រូវចូលរួមដោយសហការីមនុស្សយន្ត នៅអាកាសយានដ្ឋាន Haneda ស្ថិតក្នុងទីក្រុងតូក្យូ ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍ជប៉ុន សាកល្បងបច្ចេកវិទ្យាមនុស្សយន្ត ។
ចាប់ពីខែឧសភាតទៅ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន(JAL) នឹងចាប់ផ្តើមសាកល្បងរយៈពេល ២ឆ្នាំដែលនឹងមើលឃើញមនុស្សយន្តរួមចំណែកការងារដូចជាលើកអីវ៉ាន់ និងសម្អាតបន្ទប់ក្នុងយន្តហោះ ។
ក្រុមហ៊ុន JAL និយាយនៅក្នុងសន្និសីទសារព័ត៌មានថា បច្ចុប្បន្ន ឧស្សាហកម្មអាកាសចរណ៍ជប៉ុនប្រឈមនឹងការលំបាក ២ គឺកម្លាំងពលកម្មរបស់កម្មករលើកអីវ៉ាន់វ័យចំណាស់ ព្រមទាំងបន្ទុកការងារកាន់តែច្រើនបណ្តាលមកពីការកើនឡើងយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរ ។
សូមបញ្ជាក់ថា ជប៉ុនបានមើលឃើញចំនួនភ្ញៀវទេសចរជាប់កំណត់ត្រាកាលពីខែកុម្ភៈ ពេលដែលអ្នកដំណើរ ៣,៤៦លាននាក់ បានធ្វើដំណើរមកកាន់ប្រទេសមួយនេះ ពោលគឺកើនឡើងចំនួន ៦,៤ភាគ ធៀបនឹងកាលពីខែកុម្ភៈ ឆ្នាំ ២០២៥ ៕