ក្រុមអ្នកវិទ្យាសាស្រ្តសហភាពអឺរ៉ូប និងអង្គការឧតុនិយមពិភពលោកនិយាយនៅថ្ងៃពុធនេះថា តំបន់អឺរ៉ុបស្ទើតែទាំងមូល បានជួបប្រទេសសីតុណ្ហភាពក្តៅខ្លាំងពីលើកម្រិតមធ្យមក្នុងឆ្នាំ ២០២៥ ដែលបានបំបែកកំណត់ត្រាសម្រាប់ភ្លើងឆេះព្រៃ សីតុណ្ហភាពសមុទ្រ និងរលកកម្តៅ ស្របពេលដែលបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់ខ្លាំង ។
អង្គការឧតុនិយមពិភពលោកនិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីអាកាសធាតុអឺរ៉ុបថា តំបន់យ៉ាងហោច ៩៥ភាគរយរបស់អឺរ៉ុបបានជួបប្រទេសសីតុណ្ហភាពក្តៅខ្លាំងលើសពីកម្រិតមធ្យម ខណៈភ្លើងឆេះព្រៃបានបំផ្លិចបំផ្លាញដីព្រៃជាង ១លានហិចតា ដែលមានទំហំធំជាងប្រទេសស៊ីប ហើយនិងជាផ្ទៃដីព្រៃជាប់កំណត់ត្រា ។
ការរកឃើញនេះ បង្ហាញពីផលវិបាកនៃបម្រែបម្រួលអាកាសធាតុនៅអឺរ៉ុប នៅពេលដែលរដ្ឋាភិបាលមួយចំនួនព្យាយាមបន្ធូរបន្ថយគោលនយោបាយកាត់បន្ថយការបំភាយឧស្ម័ន ដោយសារក្តីបារម្ភសេដ្ឋកិច្ច ។
សហភាពអឺរ៉ុប បានសន្យាប្រកាន់ភ្ជាប់គោលដៅបៃតងរបស់ខ្លួន ប៉ុន្តែពួកគេបានបន្ធូរបន្ថយច្បាប់អាកាសធាតុមួយចំនួនសម្រាប់រថយន្ត និងក្រុមហ៊ុនកាលពីឆ្នំាមុន ក្រោយសម្ពាធពីឧស្សាហកម្ម ដើម្បីជួយក្រុមហ៊ុនដុនដាប ។
សូមបញ្ជាក់ថា អឺរ៉ុបគឺជាទ្វីបកើនឡើងកម្តៅលឿនជាងគេបំផុតរបស់ពិភពលោក ហើយកាលពីខែឧសភា ឆ្នាំ ២០២៥ តំបន់ជាងពាក់កណ្តាលរបស់អឺរ៉ុប បានជួបស្ថានភាពគ្រោះរាំងស្ងួត ហើយនៅឆ្នាំនេះ គឺស្ថិតក្នុងចំណោមឆ្នាំស្ងួតបំផុតទាំង ២ ចាប់តាំងពីឆ្នាំ ១៩៩២ ពេលដែលអាកាសធាតុក្តៅខ្លាំង បង្កស្ថានភាពលំបាកជាងមុនដល់កសិករ ៕