រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Andrei Belousov និយាយថា ការផ្គត់ផ្គង់យានដ្រូនរបស់អឺរ៉ុបទៅកាន់ទីក្រុងគីវ សម្រាប់ឲ្យវាយប្រហារទឹកដីរុស្ស៊ី នឹងអាចនាំឲ្យមានផលវិបាកមិនអាចព្យាករបាន ។
លោក Belousov ថ្លែងបែបនេះ អំឡុងជំនួបថ្នាក់រដ្ឋមន្រ្តីការពារជាតិនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Bishkek ប្រទេសកៀជីស្ថាន ។
លោក Belousovនិយាយថា សហភាពអឺរ៉ុបនឹងអូសទម្លាក់ខ្លួនឯងចូលទៅក្នុងជម្លោះ តាមរយៈការផ្តល់ហិរញ្ញវត្ថុ និងអាវុធដល់អ៊ុយក្រែន ។
លោកបន្តថា ពួកយើងកំពុងតាមដានយ៉ាងដិតដល់ចំពោះផលិតកម្ម និងខ្សែចង្វាក់ភស្តុភារនៃការចែកចាយយានដ្រូនទាំងនេះដល់ទីក្រងគីវ ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីដើមខែមេសាថា ពួកគេមានជំនឿថា រដ្ឋាភិបាលជាច្រើនរបស់សហភាពអឺរ៉ុប បានសម្រេចចិត្តបង្កើនការផលិត និងផ្គត់ផ្គង់យានដ្រូនដល់អ៊ុយក្រែន គឺជាសកម្មភាពមួយដែលទីក្រុងមូស្គូ យល់ឃើញថាជាជំហានមួយដែលនាំឲ្យជម្លោះកើនឡើង ៕