រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរុស្ស៊ីលោក Anton Siluanov និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចចិត្តរបស់អារ៉ាប់រួមក្នុងការចាកចេញពី OPEC នឹងមានន័យថា ប្រទេសផលិតប្រេងត្រូវជំរុញការផលិតរបស់ពួកគេ ដើម្បីធ្វើឲ្យតម្លៃប្រេងសកលធ្លាក់ចុះនៅពេលអនាគត ។
រុស្ស៊ីគឺជាសមាជិករបស់ក្រុមប្រទេស OPEC+ ហើយនិងបានសម្របសម្រួលគោលនយោបាយរបស់ខ្លួនជាមួយសមាជិក OPEC ។ រុស្ស៊ីត្រូវបានគេមើលឃើញថា រកបានអត្ថប្រយោជន៍ច្រើនពីតម្លៃប្រេងសកលហក់ឡើងខ្ពស់ ដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ។
លោក Siluanov និយាយថា ថ្ងៃនេះ ពួកយើងបានឮដំណឹងថា ប្រទេសមួយក្នុងចំណោមប្រទេសផលិតប្រេង គឺអារ៉ាប់រួម នឹងដើរចេញពី OPEC ។ នេះមានន័យថា ប្រទេសអាចផលិតប្រេងឲ្យបានច្រើនតាមសមត្ថភាពរបស់ពួកគេ ដើម្បីបញ្ចេញប្រេងទៅក្នុងទីផ្សារ ។
សេចក្តីអត្ថាធិប្បាយរបស់លោក Siluanov បានក្លាយជាប្រតិកម្មដំបូងរបស់រុស្ស៊ីចំពោះការចាកចេញដ៏គួរភ្ញាក់ផ្អើលរបស់អារ៉ាប់រួម ។ រុស្ស៊ីមានទំនាក់ទំនងជិតស្និទ្ធទាំងជាមួយអារ៉ាប់រួម និងប្រទេសដឹកនាំ OPEC គឺអារ៉ាប៊ីសាអ៊ូឌីត ។
លោក Siluanovបន្តថា បើសិនជាប្រទេស OPEC អនុវត្តតាមគោលនយោបាយរបស់ពួកគេតាមលក្ខណៈមិនស្របគ្នា ក្រោយការចាកចេញរបស់អារ៉ាប់រួម ហើយផលិតប្រេងឲ្យបានច្រើនតាមសមត្ថភាពរបស់ពួកគេ តាមអ្វីដែលពួកគេចង់បាន ដល់ពេលនោះតម្លៃប្រេងនឹងធ្លាក់ថ្លៃផងដែរ ៕