ក្រុមអ្នកស្រាវជ្រាវនៅទីក្រុង Rio de Janeiro និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ផ្កាថ្មគ្របដណ្តប់ថ្មប៉ប្រះទឹក Abrolhos របស់ប្រេស៊ីលដែលជាប្រព័ន្ធអេកូឡូស៊ីផ្កាថ្មចម្រុះបំផុតនៅសមុទ្រអាត្លង់ទិកខាងត្បូង បានធ្លាក់ចុះ ១៥ភាគរយ ក្នុងរយៈពេលជាង ១៨ឆ្នាំកន្លងមកនេះ ដោយសារបម្រែបម្រួលអាកាសធាតុ និងសកម្មភាពរបស់មនុស្ស ។
លោក Rodrigo Leao de Moura គឺជាជីវវិទូសមុទ្រនៅសាកលវិទ្យាល័យសហព័ន្ធក្រុង Rio de Janeiro និយាយថា រលកកម្តៅសមុទ្រដែលមានការជាប់ពាក់ព័ន្ធជាមួយបម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យមានហេតុការណ៍ប្រែពណ៌ផ្កាថ្ម ធ្វើឲ្យអន្តរាយដល់សុខភាពរបស់ផ្កាថ្ម ។
លោក Moura និយាយថា ដោយសាររលកកម្តៅកើតឡើងញឹកញាប់កើនឡើងច្រើនជាងមុន ផ្កាថ្ម នៅរក្សាពណ៌របស់វា ប៉ុន្តែវាវិវត្តទៅជាជំងឺរលាយជាលិកា បណ្តាលឲ្យវាងាប់ ដោយសារសុខភាពរបស់វារងផលប៉ះពាល់ ។
ផ្កាថ្មប៉ប្រះទឹក ទ្រទ្រង់ជីវិតសមុទ្រប្រហែល ១ភាគ ៤ ហើយដើម្បីឲ្យវាអាចរស់រានបាន ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ពិភពលោកត្រូវការចាត់វិធានការបន្ទាន់ ដើម្បីធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះមកនៅត្រឹម ១អង្សាសេពីលើកម្រិតមធ្យមមុនបដិវត្តន៍ឧស្សាហកម្ម ។
យោងតាមទិន្នន័យពីទភ្នាក់ងារវិទ្យាសាស្រ្តសហភាពអឺរ៉ុប និង UN បានឲ្យដឹងថា សីតុណ្ហភាពសកលមធ្យមបានឡើងក្តៅរួចទៅហើយ ១,៣-១,៤អង្សាសេពីលើសីតុណ្ហភាពមធ្យមមុនបដិវត្តន៍ឧស្សាហកម្ម ៕