ប្រទេសចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង និងតម្រូវឲ្យអ្នកប្រើប្រាស់ដាក់ពាក្យសុំការអនុញ្ញាត សម្រាប់ការបង្ហោះទាំងអស់ នៅក្នុងរដ្ឋធានីនេះ ក្រោមច្បាប់ដ៏តឹងរ៉ឹង ដែលត្រូវចូលជាធរមាននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
មន្ត្រីបានលើកឡើងពីហេតុផលសន្តិសុខសាធារណៈ សម្រាប់ច្បាប់ថ្មី ដែលក៏ហាមឃាត់ផងដែរដល់ការនាំយកយានដ្រូន (UAV) ឬសមាសធាតុសំខាន់ៗរបស់វាចូលទៅក្នុងទីក្រុងប៉េកាំង។
ជាមួយគ្នានេះ វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក (អាជីវកម្មអនឡាញ) នឹងត្រូវបានហាមឃាត់មិនឲ្យដឹកជញ្ជូនយានដ្រូនទៅកាន់ទីក្រុងប៉េកាំង ទោះបីជាម្ចាស់យានដ្រូនដែលបានបញ្ចប់សព្វគ្រប់នូវការចុះឈ្មោះឈ្មោះពិតនៃឧបករណ៍របស់ពួកគេ នៅមុនថ្ងៃទី១ ខែឧសភា នឹងត្រូវបានអនុញ្ញាតឲ្យយកវាចូល និងចេញពីរដ្ឋធានីក៏ដោយ។
អ្នកប្រើប្រាស់យានដ្រូន នៅក្នុងទីក្រុងដែលមានប្រជាជនចំនួន ២២លាននាក់នេះ នឹងមានរយៈពេល ៣ខែ បន្ទាប់ពីច្បាប់ថ្មីចូលជាធរមាន ដើម្បីចុះឈ្មោះឧបករណ៍របស់ពួកគេជាមួយស្ថានីយនគរបាលក្នុងតំបន់។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃអង្គារ (ទី២៨ ខែមេសា) បានឲ្យដឹងថា អ្នកលក់ជាច្រើននៅទូទាំងទីក្រុង បានដកយានដ្រូនចេញពីការតាំងបង្ហាញរួចហើយ មុនពេលច្បាប់ចូលជាធរមាន។
ដែនអាកាសរបស់ទីក្រុងនឹងត្រូវបិទ ចំពោះការបង្ហោះយានដ្រូនទាំងអស់ដោយគ្មានការអនុញ្ញាតជាមុនពីអាជ្ញាធរ ដោយមានការពិន័យរហូតដល់ ១០.០០០យន់ (ប្រហែលជាង ១.៤០០ដុល្លារ) សម្រាប់ការបង្ហោះខុសច្បាប់ និងអាចមានការរឹបអូសយានដ្រូនផងដែរ៕