វីដេអូសាក្សីនៅភាគខាងជើងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស ឃើញគ្រូពេទ្យកំពុងព្យាបាលអ្នករងរបួសនាថ្ងៃពុធនេះ ក្រោយមនុស្ស ២នាក់ ត្រូវបានគេចាក់នៅតំបន់ជនជាតិជ្វីហ្វ ។
ក្រុមមន្រ្តីក្នុងស្រុកនិយាយថា ហេតុការណ៍ចាក់ដោយកាំបិតនេះ ធ្វើឡើងដោយបុរសម្នាក់ដែលរត់តាមផ្លូវ ដើម្បីព្យាយាមចាក់ជនជាតិជ្វីហ្វ គឺជាជម្លោះចុងក្រោយប្រឆាំងពួកយូដាដែលលោកនាយករដ្ឋមន្រ្តី Keir Starmer ថាជាហេតុការណ៍គួរឲ្យរន្ធត់ជាទីបំផុត ។
ក្រុមសន្តិសុខជនជាតិជ្វីហ្វ Shomrim និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា បុរសម្នាក់ ត្រូវបានគេមើលឃើញរត់ដោយកាន់កាំបិតនៅដៃ ក្នុងតំបន់ជនជាតិជ្វីហ្វ Golders Green ហើយនិងព្យាយាមចាក់ជនជាតិជ្វីហ្វ មុនពេលក្រុមមន្រ្តីរបស់ពួកគេឃាត់ខ្លួនគាត់ ។ គាត់ត្រូវបានចាប់ខ្លួនដោយក្រុមនគរបាល ។
ហេតុការណ៍ចាក់ដោយកាំបិតនេះ បានកើតឡើង បន្ទាប់ពីការវាយប្រហារដុតកម្ទេចមានគោលដៅលើជនជាតិជ្វីហ្វនៅទីក្រុងឡុងដ្រ៍ ក្នុងរយៈពេលប៉ុនា្មនសប្តាហ៍កន្លងមកនេះ ។
កាលពីខែតុលា មនុស្ស ២នាក់ និងជនវាយប្រហារម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយលើសាលាប្រជុំសាសនាយូដានៅទីក្រុង Manchester ស្ថិតនៅភាគខាងជើងអង់គ្លេស ៕