
លោក Tom Fletcher គឺជាមន្រ្តីមនុស្សធម៌ជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ(UN) បានធ្វើដំណើរទៅកាន់ប្រទេសសូម៉ាលី ស្របពេលដែលប្រទេសមួយនេះ ប្រឈមនឹងតម្រូវការមនុស្សធម៌កាន់តែធ្ងន់ធ្ងរខ្លាំង បង្កឡើងដោយសារកង្វះស្បៀងអាហារមានស្រាប់ ជម្លោះ ហើយនិងចន្លោះប្រហោងហិរញ្ញវត្ថុ ។
លោក Fletcher ដែលជាអនុរដ្ឋលេខាធិការទទួលបន្ទុកជាអ្នកសម្របសម្រួលការងារសង្រ្គោះបន្ទាន់ និងកិច្ចការមនុស្សធម៌ UN នឹងមានជំនួបជាមួយក្រុមអាជ្ញាធរសូម៉ាលី ទីភ្នាក់ងារជំនួយ និងតំបន់សហគមន៍រងផលប៉ះពាល់ ដើម្បីវាយតម្លៃស្ថានភាព និងជំរុញឲ្យមានការគាំទ្រអន្តរជាតិច្រើនជាងនេះ ។
ក្រុមទីភ្នាក់ងារជំនួយបានព្រមានថា សម្ពាធលើការផ្គត់ផ្គង់ស្បៀងអាហារ កំពុងកើនឡើងនៅតាមតំបន់ជាច្រើនក្នុងប្រទេសសូម៉ាលី ក្នុងនោះគ្រួសារងាយរងគ្រោះ កំពុងពិបាកស៊ូទ្រាំ ក្រោយជម្លោះអស់រយៈពេលជាច្រើនឆ្នាំ វិបត្តិអាកាសធាតុ និងការលំបាកផ្នែកសេដ្ឋកិច្ច ។

អង្គការមនុស្សធម៌ បាននិយាយដែរថា កង្វះខាតមូលនិធិ បានបង្ខំឲ្យពួកគេកាត់បន្ថយជំនួយនៅពេលដែលតម្រូវការកើនឡើងខ្ពស់ ។
លោក Fletcher និយាយថា លោកមានការខឹងសម្បារជាខ្លាំង នៅពេលដែលធនធានបែរជាផ្ទេរទៅកន្លែងផ្សេង ។ លោកថា ធនធានគួរតែបញ្ជូនទៅកាន់តំបន់មានជម្លោះ ជាជាងយកទៅធ្វើសង្រ្គាមអស់ប្រាក់រាប់ពាន់លានដុល្លារ ដែលជាប្រាក់អាចជួយសង្រ្គោះអាយុជីវិតមនុស្សរាប់លាននាក់នៅទូទាំងសកលលោក ។
ដំណើរទស្សនកិច្ចរបស់លោក Fletcher បានកើតមានឡើង ស្របពេលមានក្តីបារម្ភពីការរួមតូចថវិកាជំនួយសកល ខណៈប្រទេសផ្តល់ជំនួយ ប្រឈមនឹងការប្រកួតប្រជែងសម្ពាធសេដ្ឋកិច្ច និងសម្ពាធភូមិសាស្រ្តនយោបាយ ។
UN ជំរុញឲ្យរដ្ឋាភិបាល និងប្រទេសដៃគូ បង្កើនការបរិច្ចាគ ហើយនិងបានធ្វើការព្រមានថា ការខកខាន អាចនឹងធ្វើឲ្យអស្ថិរភាពនៅតាមតំបន់សហគមន៍ទូទាំងប្រទេសសូម៉ាលី ៕