ឧត្តរមានជ័យ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យមើលស្ថានភាពសំណង់អគារថ្មី ដែលកំពុងសាងសង់នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ នាថ្ងៃទី៩មេសាឆ្នាំ២០២២នេះ។
ក្នុងឱកាសនោះដែរឯកឧត្តម ម៉ម ប៊ុន ហេង បានកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កន្លងមករបស់ក្រុមការងារគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ ដែលបានបំពេញនូវកិច្ចការងារស្នូលគោរពតាមវិជ្ជាជីវៈរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការបម្រើសេវាព្យាបាលផ្សេងៗជូនដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ឯកឧត្តមសាស្រ្តាចារ្យ បានបន្តថា អគារមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យថ្មីមួយខ្នងនេះ គឺអាចបម្រើនូវការស្នាកនៅព្យាបាល ជូនដល់ប្រជាពលរដ្ឋបានច្រើនបន្ទប់ ប្រកបដោយផាសុខភាពនឹងមានការបំពាក់ទៅដោយឧបករណ៍បច្ចេកទេសវេជ្ជសាស្រ្តទំនើបៗ ស្របតាមស្តង់ដារអន្តរជាតិ ដើម្បីបម្រើការព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលសេវាក្នុងមូលដ្ឋានខេត្តមួយនេះ បានយ៉ាងប្រសើរផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីពង្រីកវិសាភាពឲ្យបានទូលំទូលាយនិងរីកចំរើនស្របតាមស្តង់ដារដូចតាមបណ្តាប្រទេសជិតខាង ក្នុងការសម្រាកព្យាលបាលជូនដល់ប្រជាពលរដ្ឋប្រកបដោយការជឿជាក់នោះ។ រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់នូវអគារមន្ទីរពេទ្យជាច្រើនកន្លែងបន្ថែម ស្របតាមលក្ខណៈស្តង់ដារធ្វើយ៉ាងណា ដើម្បីបម្រើការសម្រាកព្យាបាលដល់ប្រជាពលរដ្ឋឲ្យទទួលបានភាពល្អប្រសើរ៕ អត្ថបទ៖ ឃិនសារិទ្ធ




