ការសម្រេចចិត្តរបស់អារ៉ាប់រួមក្នុងការដើរចេញពីសមាជិកភាព OPEC និង OPEC+ បាននាំមកនូវភាពតានតឹងជាច្រើនបន្ថែមទៀតជាមួយអារ៉ាប៊ីសាអ៊ូឌីត ដែលបង្ហាញពីការបែកបាក់ជាយុទ្ធសាស្ត្រជាមួយនឹងការគ្រប់គ្រងប្រេងដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ក្នុងការធ្វើឱ្យមានតុល្យភាពឡើងវិញនៃអំណាចដែលបណ្ដាលមកពីសង្គ្រាមអ៊ីរ៉ង់។

ក្រុមអ្នកវិភាគនយោបាយ និងអ្នកជំនាញក្នុងតំបន់បាននិយាយថា ការចាកចេញពីក្រុមប្រទេសផលិតប្រេង ដែលបានប្រកាសកាលពីថ្ងៃអង្គារ២៨មេសាសប្ដាហ៍នេះ លើសពីការខ្វែងគំនិតគ្នាលើកូតាទិន្នផលប្រេងរបស់អង្គការ OPEC ដែលប្រភពពីតំបន់ឈូងសមុទ្រនិយាយថា ទីក្រុង Abu Dhabi មើលឃើញថាមានទំនោរប្រឆាំងនឹងអេមីរ៉ាតអារ៉ាប់រួម (UAE)។
ពួកគេនិយាយថា វាក៏ជាផ្នែកមួយនៃការបែកបាក់កាន់តែជ្រៅផងដែរក្នុងទំនាក់ទំនង ដែលទីក្រុង Abu Dhabi កំពុងផ្តល់អាទិភាពដល់ស្វ័យភាពជាជាងការគោរពចំពោះទីក្រុង Riyadh និងការប្រើប្រាស់ប្រេងជាឧបករណ៍ដើម្បីបង្ហាញពីស្វ័យភាពរបស់ខ្លួន និងបង្ហាញថាខ្លួននឹងមិនត្រូវបានបង្ខំឡើយ។
ពួកគេនិយាយថា ការបែកបាក់នេះ លើសពីគោលនយោបាយទៅជាប្រយោជន៍ស្នូលផ្ទាល់ខ្លួន និងយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងប្រធានាធិបតីអារ៉ាប់រួម លោក Mohammed bin Zayed និងព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman។
លោក Fawaz Gerges អ្នកវិភាគមកពីសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍្រ បាននិយាយថា មានអ្វីមួយកំពុងកើតឡើងយ៉ាងធ្ងន់ធ្ងរនៅក្នុងទំនាក់ទំនងអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួម ជាការបែកបាក់កាន់តែធ្ងន់ធ្ងរជាងអ្វីដែលពួកលោកគិត។ សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានធ្វើឱ្យអស្ថិរភាពក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង ដោយទីក្រុងតេអេរ៉ង់បានបាញ់ប្រហារទៅលើប្រទេសឈូងសមុទ្រដែលមានមូលដ្ឋានយោធាអាមេរិក និងបិទច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសំខាន់សម្រាប់ដឹកជញ្ជូនការផ្គត់ផ្គង់ថាមពលសកល៕

