ជំនួបជើងទី១ រវាងក្រុមបឹងកេត និងព្រះខ័នរាជស្វាយរៀង បានបញ្ចប់ជាមួយលទ្ធផលដ៏តានតឹង ដោយក្រុមម្ចាស់ផ្ទះបឹងកេត បានវាយបកស្មើ ១-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦(ថ្នាក់ជាតិ) កាលពីល្ងាចថ្ងៃពុធ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក)។

នៅក្នុងការប្រកួតដែលមានអ្នកទស្សនាផ្ទាល់ជិត ៥ពាន់នាក់នេះ ត្រឹមរយៈពេល ៧នាទី កីឡាករ Patrick Robson បានរកគ្រាប់បាល់នាំមុខឲ្យព្រះខ័នរាជស្វាយរៀង ១គ្រាប់មុន។ បន្ទាប់មកក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំង រហូតដល់ចុងវគ្គទី២ ទើបកីឡាករ Ingo Bento រកបានគ្រាប់តាមស្មើឲ្យបឹងកេត នៅនាទី៨៥។

ជាមួយលទ្ធផលស្មើគ្នានេះ បានធ្វើឲ្យក្រុមទាំងពីរ មានក្ដីសង្ឃឹមប្រហាក់ប្រហែលគ្នា សម្រាប់ការត្រៀមប្រកួតជើងទី២ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ ជួបក្រុមវិសាខា ដែលកំពុងឈរចាំ បន្ទាប់ពីពួកគេ បានទម្លាក់ក្រុម ISI ដង្កោសែនជ័យ ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយលទ្ធផលទាំង ២ជើង ៧-១។
តាមគម្រោងបន្ទាប់ពីរកឃើញក្រុមខ្លាំងទាំងពីរ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ដើម្បីស្វែងរកជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៥/២៦៕ អត្ថបទ លី ឈុនឡា









