ខ្សែការពារ Achraf Hakimi របស់ Paris Saint-Germain ត្រូវអវត្តមានប៉ុន្មានសប្ដាហ៍ខាងមុខនេះក្រោយរងរបួសភ្លៅ។
ក្លឹបបាល់ទាត់ Paris Saint-Germain បានបញ្ជាក់ថា ខ្សែការពារស្តាំ Achraf Hakimi នឹងត្រូវអវត្តមានរយៈពេល ប៉ុន្មានសប្ដាហ៍ខាងមុខ បន្ទាប់ពីរងរបួសសាច់ដុំភ្លៅខាងស្តាំ ក្នុងការប្រកួតដ៏ជក់ចិត្តជាមួយ Bayern Munich ក្របខណ្ឌ UEFA Champions League។
ក្នុងជំនួបជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅទីក្រុងប៉ារីស PSG បានយកឈ្នះ Bayern Munich ដោយលទ្ធផល ៥-៤ ហើយ Hakimi បានលេងពេញ ៩០ នាទី និងបានផ្ដល់បាល់បញ្ជូនមួយឱ្យ Khvicha Kvaratskhelia ស៊ុតបញ្ចូលទី។
តាមសេចក្តីថ្លែងការណ៍របស់ក្លឹប បានឲ្យដឹងថា កីឡាករជម្រើសជាតិម៉ារ៉ុករូបនេះកំពុងទទួលការព្យាបាល ហើយនឹងខកខានការប្រកួតជើងទីពីរនៅទឹកដីអាល្លឺម៉ង់ថ្ងៃទី ៦ ខែឧសភាសប្តាហ៍ក្រោយ។
Hakimi បានបង្ហាញសញ្ញារងរបួសនៅចុងការប្រកួតខណៈដែលគាត់កាន់សាច់ដុំខាងក្រោយ (hamstring) ប៉ុន្តែបន្តលេងរហូតដល់ចប់ការប្រកួត ដោយសារ PSG បានប្រើការផ្លាស់ប្តូរកីឡាករអស់ហើយ។
របួសនេះក៏បង្កការព្រួយបារម្ភចំពោះការចូលរួមជាមួយក្រុមជម្រើសជាតិម៉ារ៉ុកក្នុងព្រឹត្តិការណ៍ FIFA World Cup ដែលនឹងចាប់ផ្តើមនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ក្នុងរយៈពេលប្រហែល ៦ សប្ដាហ៍ខាងមុខ។
Hakimi គឺជាកីឡាករសំខាន់ម្នាក់ក្រោមការដឹកនាំរបស់គ្រូបង្វឹក Luis Enrique ហើយធ្លាប់ស៊ុតបញ្ចូលទីដំបូងក្នុងជ័យជម្នះ 5-0 លើ Inter Milan នៅវគ្គផ្តាច់ព្រ័ត្ររដូវកាលមុន ដែលធ្វើឲ្យ PSG ឈ្នះពានអឺរ៉ុបជាលើកដំបូង៕ អត្ថបទ៖នាង សុភាវុធ

