ប្រធានាធិបតីសហររដ្ឋអាមេរិក លោក Donald Trump និងក្រុមការងាររបស់លោក បានពិភាក្សាអំពីការស្នើសុំចុងក្រោយរបស់អ៊ីរ៉ង់នៅសប្តាហ៍នេះ។ តាមសេចក្តីរាយការណ៍ ទីក្រុងតេអេរ៉ង់ បានស្នើសុំឱ្យបើកច្រកសមុទ្រ Hormuz ជាមុនសិននិងដកចេញការបិទផ្លូវ ខណៈបានពន្យារពេលការចរចានុយក្លេអ៊ែរ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា លោក Trump គ្មានបំណងទទួលយកការស្នើសុំនេះទេ។

គេហទំព័រព័ត៌មានអាមេរិក Axios បាននិយាយកាលពីថ្ងៃពុធថា លោក Trump នឹងនៅតែបិទផ្លូវដោយកងទ័ពជើងទឹករហូតដល់ទីក្រុងតេអេរ៉ង់ឯកភាពលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ គេហទំព័រ បាននិយាយថា លោក Trump មើលឃើញថាការបិទផ្លូវនេះ «មានប្រសិទ្ធភាពជាង ការទម្លាក់គ្រាប់បែក» ខណៈទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក កំពុងរៀបចំរលកវាយប្រហារដ៏ខ្លាំងក្លារយៈពេលខ្លីទៅលើអ៊ីរ៉ង់ ក្នុងបំណងទម្លាយភាពទាល់ច្រកជុំវិញការចរចាដែលជាប់គាំង។ ប៉ុន្តែប្រភពព័ត៌មានបាននិយាយថា លោក Trump នៅមិនបានបញ្ជាឱ្យមានការវាយប្រហារណាមួយនៅឡើយ គិតត្រឹមយប់ថ្ងៃអង្គារ។
នៅពេលត្រូវបានសួរ ថាតើសហរដ្ឋអាមេរិកចាំបាច់ត្រូវបើកការវាយប្រហារបន្ថែមទៀតដែរឬទេ នោះលោក Trump ពុំបានផ្តល់ចម្លើយច្បាស់លាស់ឡើយ។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានដកស្រង់ប្រភពសន្តិសុខមួយដោយបានចាត់ទុកការបិទផ្លូវនេះថាជា «ចោរសមុទ្រ និងចោរកម្ម» ហើយព្រមានថា ការបិទផ្លូវនេះនឹងត្រូវបានឆ្លើយតបដោយសកម្មភាព «ជាក់ស្តែង និងមិនធ្លាប់មានពីមុនមក»។ ប្រភពនេះ ក៏បាននិយាយផងដែរថា កងកម្លាំងអ៊ីរ៉ង់ បានបង្ហាញពីភាពអត់ធ្មត់រហូតមកដល់ពេលនេះ ដើម្បី «ផ្តល់ឱកាសសម្រាប់ផ្នែកការទូត»។