ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងក្នុងសុន្ទរកថាទៅកាន់សន្និសីទពិនិត្យឡើងវិញលើកទី១១នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ(NPT) កាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ី ក្នុងនាមជាភាគីទទួលខុសត្រូវ និងជាភាគីធានាសន្តិសុខនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) គោរពយ៉ាងម៉ឺងម៉ាត់តាមខ្លឹមសារ និងស្មារតីនៃសន្ធិសញ្ញានេះ។

លោកPutin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលអានដោយលោក Andrey Ivanovich Belousov ឯកអគ្គរដ្ឋទូតជាន់ខ្ពស់នៃក្រសួងការបរទេសរុស្ស៊ី នៅក្នុងសន្និសីទនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កថា «យើងជឿជាក់ថា ក្នុងពេលស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងពហុភាគីនិយមបន្ថែមទៀត គឺត្រូវការជាចាំបាច់ដើម្បីបង្កើតលក្ខខណ្ឌនានាសម្រាប់វឌ្ឍនភាពនៅលើមាគ៌ាឆ្ពោះទៅរកការកសាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ ខណៈនៅតែប្រកាន់ភ្ជាប់យ៉ាងតឹងរ៉ឹងនូវគោលការណ៍នៃការមិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ភាគីណាមួយ»។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា ប្រទេសរុស្ស៊ី ជាអ្នកដឹកនាំក្នុងវិស័យថាមពលនុយក្លេអ៊ែរ ត្រៀមខ្លួនជាស្រេចដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះជាមួយភាគីសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ(NPT) ដែលមានចំណាប់អារម្មណ៍។
ទីក្រុងមូស្គូ អះអាងថា ប្រទេសនានា ដែលបំពេញកាតព្វកិច្ចសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ(NPT) របស់ខ្លួនដោយមនសិការ ត្រូវបានផ្តល់សិទ្ធិទទួលបានថាមពលនុយក្លេអ៊ែរដោយសន្តិវិធី គ្មានការរឹតត្បិតហួសហេតុ។