និស្សិតនៅប្រទេសឈីលី បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវក្នុងទីក្រុង Santiago កាលពីថ្ងៃពុធ ទី២៩ ខែមេសា ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលប្រធានាធិបតីស្តាំនិយម លោក Jose Antonio Kast។

វីដេអូបង្ហាញពីនិស្សិតត្រូវបានបាញ់ទឹកដាក់ដោយរថយន្តបាញ់ទឹកជាច្រើនគ្រឿង និងបានបង្ហាញនិស្សិតម្នាក់ដែលទំនងជាត្រូវបានចាប់ខ្លួនដោយអង្គភាពនគរបាលរបស់ប្រទេសឈីលី។
នៅមុនពេលមានការប៉ះទង្គិចគ្នា សិស្សអនុវិទ្យាល័យ បានដើរក្បួនតវ៉ាឆ្លងកាត់ទីក្រុង Santiago ភាគកណ្តាល ជាផ្នែកមួយនៃការតវ៉ារបស់សិស្សស្ពាយបូប ដែលរៀបចំដោយក្រុមសិស្ស។
ភាពតានតឹង បានកើនឡើងបន្ទាប់ពីសំណើរបស់រដ្ឋាភិបាលដើម្បីកំណត់ដំណើរការចូលរៀននៅថ្នាក់ឧត្តមសិក្សាដែលមិនបង់ថ្លៃ លុបបំបាត់កម្មវិធីអាហារូបករណ៍ និងបង្កើនការត្រួតពិនិត្យលើប្រាក់កម្ចីរបស់និស្សិតដែលគាំទ្រដោយរដ្ឋ។

យោងតាមក្រុមអ្នកតវ៉ាបានឲ្យដឹងថា សំណើទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់ការអប់រំ និងអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រជាជនឈីលី។