រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បាននិយាយកាលពីថ្ងៃពុធ ទី២៩ ខែមេសា ថា រដ្ឋាភិបាលចិន បានព្រមព្រៀងសហការជាមួយអាជីវកម្មអូស្ត្រាលីលើការដឹកជញ្ជូនប្រេងឥន្ធនៈយន្តហោះ ដោយបាននិយាយថា ប្រទេសចិនអាចបន្ធូរបន្ថយការរឹតត្បិតលើការនាំចេញដែលបានដាក់ក្នុងពេលមានការរំខានដល់ការផ្គត់ផ្គង់បណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់។

លោកស្រី Wong កំពុងស្ថិតនៅក្នុងប្រទេសចិន ជាផ្នែកមួយនៃដំណើរទស្សនកិច្ចបីប្រទេស ដែលរួមមានទាំងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដោយទីក្រុងកង់បេរ៉ាកំពុងស្វែងរកការរក្សាទំនាក់ទំនងជាមួយទីក្រុងប៉េកាំងឱ្យស្ថិតក្នុងស្ថានភាពស្ថិរភាព ខណៈក៏កំពុងសម្របសម្រួលជាមួយប្រទេសមហាអំណាចក្នុងតំបន់លើសន្តិសុខថាមពល។ កាលពីថ្ងៃពុធ លោកស្រី Wong បានជួបជាមួយសមភាគីចិន លោក Wang Yi ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ។

ប្រទេសអូស្ត្រាលី ដែលនាំចូលប្រេងឥន្ធនៈភាគច្រើនរបស់ខ្លួន បានជួបប្រទះកង្វះប្រេងក្នុងស្រុក ចាប់តាំងពីជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានចាប់ផ្តើមកាលពីខែកុម្ភៈ។
ទីក្រុងប៉េកាំង បានរឹតត្បិតការនាំចេញប្រេងឥន្ធនៈចាប់តាំងពីខែមីនា ដើម្បីការពារការផ្គត់ផ្គង់ក្នុងស្រុក បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz ដែលបានរំខានដល់លំហូរប្រេងឆៅ និងប្រេងឥន្ធនៈ។
ប្រទេសចិន គឺជាប្រភពប្រេងឥន្ធនៈដ៏សំខាន់មួយនៅអាស៊ី និងបានផ្គត់ផ្គង់ប្រេងឥន្ធនៈយន្តហោះមួយភាគបីរបស់ប្រទេសអូស្ត្រាលី កាលពីឆ្នាំមុន។