យោធាបាននិយាយកាលពីថ្ងៃពុធថា កងទ័ពនីហ្សេរីយ៉ា បានសម្លាប់ជនសកម្មប្រយុទ្ធឥស្លាមយ៉ាងហោចណាស់ ១៨នាក់ និងបានបំផ្លាញតំបន់ឧទ្ទាមជាច្រើន នៅក្នុងប្រតិបត្តិការសម្របសម្រួល នៅទូទាំងរដ្ឋ Borno ខណៈដែលកងកម្លាំងសន្តិសុខបង្កើនសម្ពាធលើក្រុមអ៊ីស្លាម នៅភាគឦសាន។

រដ្ឋ Borno ដែលមានទំហំប្រហាក់ប្រហែលនឹងប្រទេសអៀរឡង់ បានស៊ូទ្រាំនឹងការបះបោរបង្កឡើងដោយក្រុមបូកូហារ៉ាម និងក្រុមបំបែកខ្លួនដេស ( Daesh) នៅក្នុងខេត្តអាហ្វ្រិកខាងលិចអស់រយៈពេល ១៧ឆ្នាំមកហើយ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យមនុស្ស ២លាននាក់ផ្លាស់ទីលំនៅ។

អ្នកនាំពាក្យយោធា លោក Sani Uba បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពដែលធ្វើការជាមួយអង្គភាពកងទ័ពអាកាស និងកងកម្លាំងជំនួយក្នុងស្រុក បានធ្វើការវាយលុក នៅក្នុងតំបន់ Timbuktu និងព្រៃ Bulabulin ដោយកំណត់គោលដៅទៅលើកន្លែងលាក់ខ្លួន និងបណ្តាញផ្គត់ផ្គង់។ ជនសកម្មប្រយុទ្ធចំនួន ១១នាក់ ត្រូវបានសម្លាប់ នៅក្នុងព្រៃ Bulabulin និង ៧នាក់ នៅក្នុងតំបន់ Timbuktu។
ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃយុទ្ធនាការដែលកំពុងដំណើរការ មានគោលបំណងរុះរើបន្ទាយរបស់ក្រុមបះបោរនៅទូទាំងតំបន់ បន្ទាប់ពីការវាយប្រហារថ្មីៗនេះលើមូលដ្ឋានយោធា ដែលបានសម្លាប់កងទ័ពជាច្រើននាក់ រួមទាំងមន្ត្រីជាន់ខ្ពស់ផងដែរ៕