អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃពុធថា ប្រជាជនលីបង់ជាង ១ លាននាក់ កំពុងប្រឈមនឹងហានិភ័យនៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈដែលអំពើហិង្សា ការផ្លាស់ទីលំនៅយ៉ាងច្រើន និងការលំបាកផ្នែកសេដ្ឋកិច្ច កាន់តែអាក្រក់ឡើងៗ។

ការព្រមាននេះ បានកើតឡើង នៅថ្ងៃដដែល ដែលអាជ្ញាធរអ៊ីស្រាអែលបានចេញបទបញ្ជាផ្លាស់ទីលំនៅថ្មីសម្រាប់តំបន់ចំនួន ១៦ ក្នុងប្រទេសលីបង់ នៅភាគខាងត្បូងនៃទន្លេ Litani ដោយបានណែនាំប្រជាជនឲ្យផ្លាស់ទីលំនៅទៅកាន់ទីក្រុង Saida ដែលនៅក្បែរនោះ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា បទបញ្ជាចុងក្រោយនេះបន្ថែមទៅលើសម្ពាធនៃការផ្លាស់ទីលំនៅកាន់តែខ្លាំងឡើង នៅទូទាំងប្រទេស ស្របពេលជនស៊ីវិល នៅតែបន្តទទួលរងនូវអរិភាពដែលកំពុងបន្ត។
លោកបានបន្ថែមថា ស្ត្រី និងកុមារ នៅតែបន្តរងផលប៉ះពាល់មិនសមាមាត្រ ដោយមានរបាយការណ៍បង្ហាញពីកម្រិតនៃភាពតានតឹងផ្លូវចិត្តកើនឡើង។ មនុស្សជាច្រើន កំពុងជួបប្រទះការលំបាកកាន់តែខ្លាំងឡើង ដែលបណ្តាលមកពីការផ្លាស់ទីលំនៅ ការបែកគ្នាក្នុងគ្រួសារ និងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។ ជម្រកចង្អៀតក៏បង្កើនហានិភ័យនៃអំពើហិង្សាផ្អែកលើយេនឌ័រផងដែរ ដែលធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើងនូវភាពងាយរងគ្រោះក្នុងចំណោមប្រជាជនដែលផ្លាស់ទីលំនៅ៕