នៅប្រទេសកម្ពុជា ចាប់ពីខែឧសភា ដល់ខែតុលា ត្រូវបានចាត់ទុកជារដូវទេសចរណ៍បៃតង ពុំសូវមានទេសចរអន្តរជាតិមកលេងទេ ដែលក្នុងអំឡុងពេលនេះ បណ្តាការីទេសចរណ៍ក្នុងស្រុក បាននាំគ្នាលក់កញ្ចប់ទេសចរណ៍បញ្ចុះតម្លៃ និងបន្ថែមចំនួនថ្ងៃដំណើរកម្សាន្ត ដើម្បីទាក់ទាញទេសចរក្នុងស្រុកជំនួសវិញ។

បណ្តាក្រុមហ៊ុនការីទេសចរណ៍ក្នុងស្រុកបានប្រាប់BTV នៅថ្ងៃទី៣០ ខែមេសា នេះថា នៅក្នុងអំឡុងរដូវកាលបៃតង បណ្តាអាជីវកម្មទេសចរណ៍ រួមមាន៖ សណ្ឋាគារ ភោជនីយដ្ឋាន ម្ចាស់រមណីយដ្ឋានទេសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់ចម្ការដំណាំផ្លែឈើ បានបញ្ចុះតម្លៃសេវាកម្មខ្លួនប្រមាណពី១០ ទៅ៣០% ឲ្យមកបណ្តាក្រុមហ៊ុនការីទេសចរណ៍ បានធ្វើឲ្យក្រុមហ៊ុនការីទេសចរណ៍ជាដៃគូនានានោះ ខ្លះបានរៀបចំកញ្ចប់ទេសចរណ៍លក់បញ្ចុះតម្លៃ ហើយការីទេសចរណ៍ខ្លះទៀត មិនបានបញ្ចុះតម្លៃ តែគេបានបន្ថែមចំនួនយប់ថ្ងៃធ្វើដំណើរកម្សាន្ត និងមានការផ្តល់តម្លៃបន្ថែមនានាទៀតជាច្រើន សំដៅជំរុញឲ្យពលរដ្ឋខ្មែរចេញដើរកម្សាន្ត ស្គាល់ជាតិ ស្គាល់ទឹកដី មើលទេសភាពបៃតងស្រស់ត្រកាល និងស្គាល់ការអភិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសជាតិ។

ឯកឧត្តម មហំាម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅក្នុងដំណើរកម្សាន្តក្នុងរដូវកាលទេសចរណ៍បៃតងនេះ ជាទូទៅគឺមានក្រុមហ៊ុនទេសចរណ៍ បានសហការគ្នាបញ្ចុះតម្លៃសេវាកម្មរបស់ខ្លួនច្រើន ហើយដើម្បីដឹងនូវរាល់ព័ត៌មានអំពីការបញ្ចុះតម្លៃ និងព័ត៌មានដើរកម្សាន្ត នៅតាមគោលដៅទេសចរណ៍នៅតាមខេត្តរាជធានីនានា គឺក្រសួងទេសចរណ៍ ក៏បានបង្កើត QR code ទេសចរណ៍បៃតង មានបិទតាមឡាន រថយន្តក្រុង រថយន្តទេសចរណ៍ និងតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានាច្រើនផងដែរ។
ឯកឧត្កម បន្តថា សម្រាប់ការអំពាវនាវឲ្យមូលដ្ឋានអាជីវកម្មទេសចរណ៍បញ្ចុះតម្លៃសេវាកម្មខ្លួន បំពេញទាក់ទាញទេសចរក្នុងស្រុកចេញដើរកម្សាន្ត ដើម្បីឲ្យភ្ញៀវទេសចរជាតិនានាទទួលបានឱកាសសប្បាយរីករាយ យល់ដឹង ស្គាល់ពីសក្តានុពលទេសចរណ៍ ៦គួរ រួមមាន៖ ១. គួរភ្លក្ស សំដៅឲ្យភ្ញៀវទេសចរជាតិស្គាល់ម្ហូបអាហារប្រចាំតំបន់ ២. គួរស្នាក់នៅ ដើម្បីស្គាល់ពីបន្ទប់ស្នាក់នៅស្អាតពីផ្ទះស្នាក់រហូតសណ្ឋាគារលំដាប់ផ្កាយប្រាំ ៣. គួរទស្សនា តំបន់មានសក្តានុពលទេសចរណ៍ ៤. គួរសាកល្បង ទទួលយកបទពិសោធន៍ អនុស្សាវរីយ៍ថ្មីសម្រាប់ជីវិត ៥. គួរចង់ឃើញ កន្លែងកម្សាន្តដែលមានស្រាប់ ឬកន្សែងកម្សាន្តថ្មីៗ និងទី៦. គួរទិញ សម្រាប់ផលិតផលពិសេសប្រចាំតំបន់ គាំទ្រផលិតផលក្នុងស្រុកជាដើម៕ អត្ថបទ៖ ស៊ុម សុខជា



