ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថា ផ្លូវជាតិ និងផ្លូវខេត្ត ត្រូវបានយកចិត្តទុកដាក់ថែទាំ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ជាការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដឹកជញ្ជូនទំនិញឆ្លងកាត់ មានភាពងាយស្រួល សុវត្ថិភាព ចំណេញពេលវេលា។
ក្រសួងប្រកាសថា គិតត្រឹមថ្ងៃទី២៦ ខែមីនា-០៨ ខែមេសា ឆ្នាំ២០២២ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ រតនគិរី កែប បន្ទាយមានជ័យ កំពង់ស្ពឺ កោះកុង សៀមរាប ប៉ៃលិន និងរាជធានីភ្នំពេញ បានបន្តអនុវត្តកិច្ចការងារជួសជុលថែទាំលើផ្លូវជាតិ ផ្លូវខេត្ត និងស្ពាន ដោយយកចិត្តទុកដាក់នៅតាមបណ្តាខេត្ត មានដូចជាផ្លូវជាតិលេខ៣៣ លេខ៣៣A លេខ៤៤ លេខ៤៨ លេខ៤៨-៥ លេខ៥ លេខ៥៦ លេខ៥៧ លេខ៦ លេខ៧២ លេខ៧៣ លេខ៧៨ លេខ៨ និងផ្លូវមួយចំនួនផ្សេងទៀតដែលរងការខូច ក្លាយជាជង្ហុកសំបុកមាន់ ក៏ត្រូវបានជួសជុលថែទាំផងដែរ៕





