ក្រចេះ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តជាង៣០០នាក់ ចុះអប់រំផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ព្រមទាំងពិនិត្យសុខភាព និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋចំនួន ៣៧៨៩នាក់ ដោយឥតគិតថ្លៃនៅវិទ្យាល័យកន្ទួត ភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២។
សកម្មភាពចុះអប់រំសុខភាព បង្ការជំងឺកូវីដ-១៩ និងសកម្មភាពសុខាភិបាលនេះមានការចូលរួមពី ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងមានការចូលរួមសហការជាមួយ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធាន សហភាព សហព័ន្ធ យុវជនកម្ពុជាខេត្តក្រចេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគីរី
ឯកឧត្តម វេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តក្រចេះ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកចិត្របុរី អាជ្ញាធរ ខេត្តក្រចេះ ពិសេសមន្ទីរសុខាភិបាលមន្ទីរជុំវិញ ខេត្តក្រចេះ សាខាសកម្មជន ក្រុមការងារយុវជនរាជធានីភ្នំពេញ និងសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តក្រចេះ។
ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានសហការជាមួយអាជ្ញាធរខេត្តក្រចេះរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តក្រចេះ នាពេលនេះ។
ឯកឧត្តមបញ្ជាក់ថាជានិច្ចកាលក្រុមការងារគ្រូពេទ្យយើងតែងតែចុះពិនិត្យព្យាបាលប្រជាពលរដ្ឋរាល់ពេលសម្រាកចុងសប្តាហ៍តាមបណ្តារាជធានី-ខេត្ត មិនថាជិត ឬឆ្ងាយដែលសរុបមកមិនតិចជាង៥៥០ដងនោះទេ។
ឯកឧត្តមសូមកោតសរសើរចំពោះការលះបង់ការចែករំលែក ការខ្វល់ខ្វាយពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ “ពួកយើងទាំងអស់គ្នាមិនដែលទៅណាចោលប្រជាជនទេ។ កាលៈទេសៈកាន់តែលំបាកពួកយើងកាន់តែនៅក្បែរជាមួយពុក ម៉ែ មា មីង បងប្អូន”៕ អត្ថបទ រដ្ឋា













