ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ដែលបានក្លាយជាឥស្សរជនដ៏លេចធ្លោ ចាប់តាំងពីការចាប់ផ្តើមនូវសង្គ្រាមមជ្ឈិមបូព៌ា បាននិយាយកាលពីថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) ថា ការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសនេះ មានគោលបំណងបង្កើតការបែកខ្ញែក និង «ធ្វើឲ្យយើងដួលរលំពីខាងក្នុង» ដោយរូបលោកបានអំពាវនាវឲ្យបន្តរួបរួមគ្នា»។

ទូរទស្សន៍រដ្ឋបានរាយការណ៍ថា លោក Ghalibaf បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump «ធ្វើឲ្យប្រទេសបែងចែកជា ២ក្រុម គឺក្រុមប្រកាន់តឹងរ៉ឹង និងក្រុមកណ្ដាល ហើយបន្ទាប់មកនិយាយភ្លាមៗ អំពីការបិទផ្លូវទឹក ដើម្បីបង្ខំឲ្យអ៊ីរ៉ង់ព្រមចុះចាញ់ តាមរយៈការដាក់សម្ពាធសេដ្ឋកិច្ច និងភាពមិនចុះសម្រុងគ្នាផ្ទៃក្នុង»។
ដោយមេដឹកនាំអ៊ីរ៉ង់ជាច្រើននាក់ត្រូវបានសម្លាប់ ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ក្នុងនោះរួមទាំងមេដឹកនាំកំពូល លោក Ali Khamenei ផងដែរនោះ មានការរំពឹងទុកយ៉ាងទូលំទូលាយ អំពីតុល្យភាពអំណាច នៅអ៊ីរ៉ង់។ លោក Trump បាននិយាយកាលពីដើមខែនេះថា រដ្ឋាភិបាលអ៊ីរ៉ង់ «បានបែកបាក់យ៉ាងធ្ងន់ធ្ងរ មិនមែនជារឿងនឹកស្មានមិនដល់នោះទេ»។
លោក Ghalibaf បាននិយាយកាលពីថ្ងៃពុធថា «សត្រូវបានចូលដល់យុទ្ធសាស្ត្រដំណាក់កាលថ្មី ហើយចង់ធ្វើឲ្យមានសម្ពាធសេដ្ឋកិច្ច និងការបែកបាក់ផ្ទៃក្នុង តាមរយៈការបិទផ្លូវទឹក និងការបំភ្លើសព័ត៌មាន ដើម្បីធ្វើឲ្យយើងចុះខ្សោយ ឬសូម្បីតែធ្វើឲ្យយើងដួលរលំពីខាងក្នុង»។ លោកបានអំពាវនាវឲ្យ «បន្តសាមគ្គីភាព» ព្រោះវាគឺជាដំណោះស្រាយតែមួយគត់៕

