ទីប្រឹក្សាយោធាជាន់ខ្ពស់មួយរូបរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមេសា ឆ្នាំ២០២៦) នេះថា ការបិទផ្លូវរបស់សហរដ្ឋអាមេរិក ចំពោះកំពង់ផែអ៊ីរ៉ង់ «នឹងមិនទទួលបានជោគជ័យ» ទេ ដោយព្រមានថា ទីក្រុងតេអេរ៉ង់អាចជ្រើសរើសការប្រឈមមុខដាក់គ្នា ប្រសិនបើការធ្វើបែបនោះនៅតែបន្តមាន។
នៅក្នុងសុន្ទរកថាដែលបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ នាព្រឹកថ្ងៃព្រហស្បតិ៍ លោក Mohsen Rezaei បាននិយាយថា អ៊ីរ៉ង់មានវិធីច្រើន ដើម្បីគេចពីការបិទខ្ទប់នេះ ដោយសង្កត់ធ្ងន់ថា កិច្ចប្រឹងប្រែង ដើម្បីអនុវត្តវា នឹងមិនទទួលបានជោគជ័យនោះឡើយ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើការបិទផ្លូវនេះ នៅតែបន្តមានទៀតនោះ អ៊ីរ៉ង់អាចនឹងងាកទៅរកវិធីប្រឈមមុខដាក់គ្នា ដើម្បីលុបបំបាត់ការធ្វើបែបនេះ។

ជាមួយគ្នានេះ លោក Rezaei ក៏បានគូសបញ្ជាក់ផងដែរ ពីសេណារីយ៉ូដែលអាចកើតមាន ក្នុងករណីមានសង្គ្រាមទៀត ដោយប្រាប់ថា ការផ្ដោតទំនងជាមាននៅតំបន់ឆ្នេរសមុទ្រភាគខាងត្បូង ដែលលាតសន្ធឹងឆ្ពោះទៅកាន់ទីក្រុង Isfahan ដោយមានសកម្មភាពមួយចំនួននៅភាគខាងលិចប្រទេស។ លោកបានព្រមានថា ជម្លោះបែបនេះអាចរួមបញ្ចូលទាំងការទម្លាក់គ្រាប់បែក និងការធ្វើឃាត នៅទីក្រុងតេអេរ៉ង់។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុករួមគ្នា លើអ៊ីរ៉ង់ កាលថ្ងៃទី២៨ ខែកុម្ភៈ ដោយទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារលើអ៊ីស្រាអែល និងប្រទេសក្នុងតំបន់ផ្សេងទៀតដែលមានធនធានរបស់សហរដ្ឋអាមេរិក។ ក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ប្រកាសបទឈប់បាញ់រយៈពេល ២សប្តាហ៍នៅថ្ងៃទី៨ ខែមេសា ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីការបន្តបទឈប់បាញ់ដោយគ្មានកំណត់ នៅថ្ងៃទី២១ ខែមេសា៕

