សភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ទី ២៩ ខែមេសា បានអនុម័តផែនការថវិការយៈពេលបីឆ្នាំ ដែលនឹងត្រួសត្រាយផ្លូវឱ្យសភាពិចារណាលើថវិកាបន្ថែមចំនួន៧០ពាន់លានដុល្លារសម្រាប់សកម្មភាពអនុវត្តច្បាប់អន្តោប្រវេសន៍ដោយភ្នាក់ងារសហព័ន្ធ។
សភា បានបោះឆ្នោតក្នុងសំឡេង ២១៥ ទល់នឹង ២១១សំឡេង ដោយគ្មានសំឡេងគាំទ្រពីសមាជិកគណបក្សប្រជាធិបតេយ្យ។ ប្រធានសភា លោក Mike Johnson បានធ្វើការបោះឆ្នោតដោយបើកចំហរយៈពេលជាងប្រាំម៉ោង ខណៈលោកបានខិតខំធ្វើឱ្យសមាជិកគណបក្សសាធារណរដ្ឋរបស់លោកទទួលយកវិធានការនេះ។

ព្រឹទ្ធសភាបានអនុម័តផែនការនេះនៅថ្ងៃទី ២៣ ខែមេសា ហើយខណៈសភាកំពុងដំណើរការ វានឹងអាស្រ័យលើសមាជិកគណបក្សសាធារណរដ្ឋនៅក្នុងសភាទាំងពីរ ដើម្បីដាក់បញ្ចូលព័ត៌មានលម្អិតនៃសំណើថវិកាចំនួន ៧០ ពាន់លានដុល្លារ និងទទួលបានការអនុម័ត នៅមុនពេលបញ្ជូនសំណើទៅកាន់ប្រធានាធិបតី លោក Donald Trump ដើម្បីចុះហត្ថលេខាឲ្យចូលជាច្បាប់។
សមាជិកគណបក្សសាធារណរដ្ឋសង្ឃឹមថានឹងធ្វើដូច្នេះនៅក្នុងខែឧសភា ហើយនឹងប្រើប្រាស់នីតិវិធីពិសេសមួយដ៏កម្រ ដែលអនុញ្ញាតឱ្យពួកគេជំរុញច្បាប់នេះតាមរយៈព្រឹទ្ធសភាដោយគ្មានការគាំទ្រពីសមាជិកបក្សប្រជាធិបតេយ្យ។ ក្រុមសាធារណរដ្ឋបានប្រើប្រាស់នីតិវិធីដូចគ្នានេះកាលពីឆ្នាំមុន ដើម្បីផ្តល់មូលនិធិប្រហែល ១៣០ ពាន់លានដុល្លារសម្រាប់ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ ព្រមទាំងភ្នាក់ងារល្បាតព្រំដែន ជាការជំរុញដ៏ធំមួយដែលលោក Trump បានស្នើដើម្បីអនុវត្តយុទ្ធនាការនិរទេសជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំរបស់លោក។
