ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Dodald Trump បាននិយាយបង្ហើបថា បទឈប់បាញ់អាចនឹងកើតឡើងសម្រាប់អ៊ុយក្រែន បន្ទាប់ពីលោកបានសន្ទនាជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធ អំពីការបញ្ចប់សង្គ្រាម។ លោក Trump បាននិយាយថា លោកមាន «ការសន្ទនាដ៏ល្អ» ជាមួយ លោក Putin ទាក់ទងទាំងអ៊ុយក្រែន និងអ៊ីរ៉ង់ ដោយលោកប្រធានាធិបតី បាននិយាយថា បទឈប់បាញ់អាចនឹងកើតឡើងនៅខួបនៃការបញ្ចប់សង្គ្រាមលោកលើកទី២ ទិវាជ័យជំនះនៅខែក្រោយ។

លោក Trump បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យពងក្រពើថា «ខ្ញុំគិតថា យើងនឹងរកឃើញដំណោះស្រាយយ៉ាងឆាប់រហ័ស»។ លោកប្រធានាធិបតី បាននិយាយបន្ថែមថា «ខ្ញុំបានស្នើឲ្យមានបទឈប់បាញ់ជាមួយអ៊ុយក្រែន ហើយខ្ញុំគិតថា លោកPutin អាចធ្វើដូច្នេះ ដោយលោកអាចប្រកាសអ្វីមួយដែលទាក់ទងនឹងរឿងនេះ»។
លោក Trump បាននិយាយថា លោកសង្ឃឹមថា បទឈប់បាញ់អាចត្រួសត្រាយផ្លូវសម្រាប់ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ដែលបានឆេះរាលដាលរយៈពេលជាងបួនឆ្នាំ បន្ទាប់ពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន។
រដ្ឋបាលលោក Trump បានធ្វើការរយៈពេលជាងមួយឆ្នាំ ដើម្បីជួយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលបានក្លាយជាជម្លោះបង្ហូរឈាមបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២។
កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនៅតែជាប់គាំងបន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់បានផ្ទុះឡើង។
បទឈប់បាញ់បណ្តោះអាសន្ននៅមជ្ឈិមបូព៌ា បានត្រួសត្រាយផ្លូវសម្រាប់ការចរចាដើម្បីចាប់ផ្តើមឡើងវិញនៅអ៊ុយក្រែន។
