ប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ដឹងថា អ៊ីរ៉ង់បានដាក់ពង្រាយគ្រឿងយុទ្ធោបករណ៍ថ្មី នៅទីណា ក្នុងអំឡុងពេលមានបទឈប់បាញ់ដែលកំពុងបន្តមាន ហើយនឹងកម្ទេចវាយ៉ាងឆាប់រហ័ស ប្រសិនបើសង្គ្រាមចាប់ផ្ដើមផ្ទុះឡើងវិញជាថ្មី។
លោក Trump បាននិយាយថា៖ «ពួកគេប្រហែលជាបាននាំយកគ្រឿងយុទ្ធោបករណ៍ធុនស្រាលមួយចំនួន ក្នុងអំឡុងពេលមានបទឈប់បាញ់នេះ ហើយយើងដឹងច្បាស់ថា វានៅទីណា ដូច្នេះ វានឹងត្រូវបានកម្ទេចចោល ក្នុងរយៈពេល ១៥នាទីដំបូង»។

នៅព្រឹកថ្ងៃនោះ ប្រធានាធិបតីអាមេរិក បានប្រាប់គេហទំព័រសារព័ត៌មាន Axios ថា លោកបានបដិសេធសំណើពីទីក្រុងតេអេរ៉ង់ ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយជ្រើសរើសបន្តអនុវត្តការបិទផ្លូវទឹកនេះ ក្នុងគោលបំណងដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោក Trump បានប្រាប់សារព័ត៌មាននេះថា៖ «វិធីបិទខ្ទប់នេះមានប្រសិទ្ធភាពជាងការទម្លាក់គ្រាប់បែកទៅទៀត។ ពួកគេកំពុងជួបការលំបាកខ្លាំងបំផុត។ ស្ថានភាពនឹងកាន់តែអាក្រក់ទៅៗ សម្រាប់អ៊ីរ៉ង់»។ ហើយលោកបានអះអាងថា អ៊ីរ៉ង់កំពុងស្វែងរកកិច្ចព្រមព្រៀងមួយ ដើម្បីឲ្យមានលុបចោលការបិទផ្លូវទឹកដ៏សំខាន់ជាយុទ្ធសាស្ត្រ ពីសំណាក់សហរដ្ឋអាមេរិក។
យ៉ាងណាក្ដី បើទោះបីជាលោក Trump មើលឃើញការបិទផ្លូវនេះ ជាវិធីសាស្ត្រដ៏មានឥទ្ធិពលក៏ដោយ ក៏ប្រភពបានប្រាប់សារព័តមាន Axios ថា បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានបង្កើតផែនការ សម្រាប់ការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ «រយៈពេលខ្លី និងខ្លាំងក្លា» ដើម្បីបំបែកភាពជាប់គាំងផ្នែកការទូត ប្រសិនបើអ៊ីរ៉ង់មិនព្រមចុះញ៉ម៕

