កងកម្លាំងនគរបាលទីក្រឌូបៃរបស់អេមីរ៉ាតអារ៉ាប់រួម បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានចាប់ខ្លួនសមាជិកជាង ២០០នាក់នៃបណ្តាញឆបោកឆ្លងដែន ដែលភាគច្រើនមកពីអាស៊ីអាគ្នេយ៍ ក្នុងប្រតិបត្តិការរួមគ្នាជាមួយ FBI និងនគរបាលចិន។

កងកម្លាំងនេះ បាននិយាយនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា៖«ខ្លួនបានធ្វើប្រតិបត្តិការសកលដែលមានការសម្របសម្រួល...ក្នុងភាពជាដៃគូជាមួយការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) និងនគរបាលចិន ដែលនាំឲ្យមានការចាប់ខ្លួនសមាជិកបណ្តាញឆបោកចំនួន ២៧៦នាក់»។
កងកម្លាំងនគរបាលទីក្រឌូបៃបានបញ្ជាក់ថា ជនសង្ស័យទាំងនេះ គឺជាផ្នែកមួយនៃ «បណ្តាញឆបោកឆ្លងដែន» ដោយបន្ថែមថា ប្រតិបត្តិការនេះ គឺផ្តោតលើ «ក្រុមឧក្រិដ្ឋជនចំនួនបី និងបានរុះរើមជ្ឈមណ្ឌលឆបោកចំនួន ៩កន្លែង » ដែលពាក់ព័ន្ធនឹងការឆបោកវិនិយោគ និងការក្លែងបន្លំរូបិយប័ណ្ណនិម្មិត៕
