ប្រភពព័ត៌មានអ៊ីស្រាអែលបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ីស្រាអែល បានចាប់ផ្តើមគ្រប់គ្រងទូកដឹកជំនួយដែលធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សានៅឆ្ងាយពីឆ្នេរសមុទ្ររបស់ខ្លួន។
វិទ្យុកងទ័ពដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា កងទ័ពជើងទឹក បានចាប់ផ្តើមស្ទាក់ចាប់ក្បួនទូកមួយក្រុម ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Oren Marmorstein បានចេញផ្សាយវីដេអូ ដែលលោកបាននិយាយថា ត្រូវបានថតនៅលើទូកមួយគ្រឿង ដោយអះអាងថា គ្រឿងញៀនត្រូវបានរកឃើញនៅលើទូកនោះ។
អ្នកនាំពាក្យ មិនបានបញ្ជាក់ថាមានទូកប៉ុន្មានគ្រឿងដែលពាក់ព័ន្ធ ឬកន្លែងដែលការស្ទាក់ចាប់បានកើតឡើង នោះទេ។

ក្បួនទូក ដែលដឹកជំនួយមនុស្សធម៌ទៅកាន់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាដែលរងការវាយប្រហារដោយសង្គ្រាម បានចេញដំណើរពីទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ នៅថ្ងៃទី១២ ខែមេសា ក្នុងគោលបំណងប្រឆាំងទៅនឹងការបិទផ្លូវទឹករបស់អ៊ីស្រាអែល។
