ភាពតានតឹង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែមានកម្រិតខ្ពស់ដដែល ខណៈដែលទីក្រុងវ៉ាស៊ីនតោនបន្តអនុវត្តបិទផ្លូវទឹក ស្របពេលដែលប្រឈមនឹងការចំណាយកើនឡើង និងការផ្លាស់ប្តូរសក្ដានុភាពយោធា នៅក្នុងតំបន់។
មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក Shahram Irani បាននិយាយកាលពីថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) ថា ទីក្រុងតេអេរ៉ង់នឹងបង្ហាញ «អាវុធដ៏គួរឲ្យខ្លាច» សម្រាប់ប្រើប្រាស់នៅសមុទ្រ ឆាប់ៗនេះ នៅក្នុងសុន្ទរកថាដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។ លោកបានព្រមានថា កងកម្លាំងអ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះសកម្មភាពណាមួយបន្ថែមទៀតរបស់សហរដ្ឋអាមេរិក ដោយគូសបញ្ជាក់ពីអ្វីដែលមន្ត្រីពិពណ៌នាថា ជាសមត្ថភាពរារាំងដែលកំពុងកើនឡើង។

ដោយឡែកភាគីសហរដ្ឋអាមេរិក លោកប្រធានាធិបតី Donald Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបន្តអនុវត្តការបិទផ្លូវទឹក រហូតដល់អ៊ីរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិក។ លោក Trump បានបដិសេធសំណើ ដែលចង់ឲ្យមានការលុបការរឹតបន្តឹងជាមុនសិន និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ដោយហៅការបិទផ្លូវនេះថា មានប្រសិទ្ធភាពជាងវិធានការយោធាដោយផ្ទាល់។
ជាមួយគ្នានេះ ជម្លោះនេះ ក៏កំពុងដាក់បន្ទុកហិរញ្ញវត្ថុកាន់តែខ្លាំងឡើងៗ លើទីក្រុងវ៉ាស៊ីនតោនផងដែរ។ មន្ត្រីក្រសួងការពារជាតិអាមេរិកបានឲ្យដឹងកាលពីថ្ងៃពុធថា ការចំណាយលើសង្គ្រាមជាមួយអ៊ីរ៉ង់ បានឡើងដល់ប្រមាណ ២៥ពាន់លានដុល្លារ។ អ្នកត្រួតពិនិត្យក្រសួងការពារជាតិ លោក Jules Hurst III បាននិយាយថា ការចំណាយភាគច្រើនទាក់ទងនឹងគ្រាប់រំសេវ ប្រតិបត្តិការ និងការជំនួសឧបករណ៍ តែសមាជិកសភា បានបង្ហាញមន្ទិលសង្ស័យពីរបៀបដែលតួលេខនេះត្រូវបានគណនា៕

