ទីក្រុងប៉េកាំងបានដាក់ចេញច្បាប់ពាណិជ្ជកម្មថ្មី នៅខែនេះ ដែលបានធ្វើឲ្យក្រុមហ៊ុនអាមេរិកមានក្ដីបារម្ភ និងដែលអ្នកវិភាគ លើកឡើងថា អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការកាត់បន្ថយការពឹងផ្អែកខ្សែច្រវាក់ផ្គត់ផ្គង់ លើប្រទេសចិន។
ប៉ុន្តែប្រតិកម្មរបស់រដ្ឋបាលប្រធានាធិបតី លោក Donald Trump បានស្ថិតនៅក្នុងសភាពស្ងាត់ស្ងៀមខុសពីធម្មតា ពោលគឺមន្ត្រីអាមេរិកមិនទាន់បានបង្ហាញការយល់ឃើញជាសាធារណៈ អំពីចំណាត់ការរបស់ទីក្រុងប៉េកាំងនៅឡើយទេ។

ច្បាប់ទាំងនេះ ដែលបានប្រកាសត្រឹមតែប៉ុន្មានសប្តាហ៍ មុនមានជំនួបកំពូលថ្ងៃទី ១៤-១៥ ខែឧសភា ឆ្នាំ២០២៦ រវាងលោកប្រធានាធិបតី Trump និងមេដឹកនាំចិន ស៊ី ជីនពីង (Xi Jinping) បានដាក់មូលដ្ឋានគ្រឹះផ្នែកច្បាប់ សម្រាប់ការដាក់ទណ្ឌកម្មក្រុមហ៊ុនបរទេសដែលស្វែងរកការផ្លាស់ប្តូរប្រភពរបស់ពួកគេចេញពីប្រទេសចិន។
រដ្ឋបាលរបស់លោក Trump បានជំរុញឲ្យក្រុមហ៊ុននានា «កាត់បន្ថយហានិភ័យ» ពោលគឺពឹងផ្អែកលើទំនិញពីប្រទេសចិនឲ្យតិចជាងមុន ហើយចង់គ្រប់គ្រងឡើងវិញលើឧស្សាហកម្មយុទ្ធសាស្ត្រ ក្នុងនោះរួមទាំងរ៉ែសំខាន់ៗ និងឱសថផងដែរ។ ច្បាប់ថ្មីរបស់ទីក្រុងប៉េកាំងជំរុញយ៉ាងមានប្រសិទ្ធភាពឲ្យក្រុមហ៊ុនអាមេរិក និងបរទេសផ្សេងទៀតដើរទិសដៅផ្សេង។
យ៉ាងណាក្ដី ភាពស្ទាក់ស្ទើររបស់រដ្ឋបាលលោក Trump ជុំវិញច្បាប់ថ្មីនេះ ដែលមនុស្សជាច្រើននៅក្នុងឧស្សាហកម្មអាមេរិក មើលឃើញថា ជាការបរាជ័យ គឺជាការចាកចេញពីយុទ្ធសាស្ត្រភាពជាដៃគូពាណិជ្ជកម្មទ្វេភាគី ដែលបានកំណត់លក្ខណៈមុនដល់កិច្ចប្រជុំរបស់លោក Trump ជាមួយលោក ស៊ី កាលពីខែតុលាឆ្នាំមុន នៅប្រទេសកូរ៉េខាងត្បូង៕
