ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលត្រូវតែវាយប្រហារក្រុមហេសបូឡា «ដោយច្បាស់លាស់ជាងមុន»។
លោក Trump បាននិយាយថា៖ «ខ្ញុំបានប្រាប់ទៅលោក (Benjamin) Netanyahu ថា លោកត្រូវតែធ្វើវាដោយច្បាស់លាស់ជាងមុន។ មិនមែនវាយប្រហារកម្ទេចអគារទេ។ លោកមិនអាចធ្វើបែបនោះបានទៀតទេ។ វាគួរឲ្យខ្លាចពេកហើយ ព្រោះវាធ្វើឲ្យអ៊ីស្រាអែលមើលទៅអាក្រក់ណាស់»។

ជាមួយគ្នានេះ លោកបាននិយាយថា ក្រុមហេសបូឡា និងអ្នកគាំទ្រសំខាន់របស់ខ្លួន គឺអ៊ីរ៉ង់ បានបំផ្លាញប្រទេសលីបង់។ លោក Trump ត្រូវបានដកស្រង់សម្តីដែលបានប្រាប់សារព័ត៌មាន Axios ថា៖ «នៅពេលដែលអ៊ីរ៉ង់បរាជ័យ ក្រុមហេសបូឡានឹងត្រូវបរាជ័យដោយស្វ័យប្រវត្តិ»។ ប្រធានាធិបតីអាមេរិករូបនេះក៏បានបង្ហាញការជឿជាក់របស់លោកផងដែរថា លីបង់ និងរដ្ឋាភិបាលបច្ចុប្បន្ន នៅទីក្រុងបេរូត អាច «វិលត្រឡប់មកវិញ»។
ដោយឡែក មន្ត្រីអាមេរិកម្នាក់ បានប្រាប់សារព័ត៌មាន Axios ថា ទីក្រុងវ៉ាស៊ីនតោន នឹង «បង្កើនយ៉ាងខ្លាំង» នូវយុទ្ធនាការនយោបាយរបស់ខ្លួន ប្រឆាំងនឹងក្រុមហេសបូឡា និងស្វែងរកវិធី ដើម្បីបង្កើនសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធលីបង់ (LAF)៕


