រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស៊ីរីកាលពីថ្ងៃពុធ បាននិយាយថា ខ្លួនបានឃុំខ្លួនឧត្តមសេនីយ៍ម្នាក់នៃរបបលោក អាសាដ ដែលត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការវាយប្រហារគីមី នៅតំបន់ Ghouta ក្នុងឆ្នាំ ២០១៣។
នៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Anas Khattab បាននិយាយថា៖ «លោក Adnan Abboud Hilweh ជាមន្ត្រីលេចធ្លោបំផុតម្នាក់ដែលទទួលខុសត្រូវចំពោះការសម្លាប់រង្គាលដោយប្រើគីមី នៅតំបន់ Ghouta ភាគខាងកើត ក្នុងឆ្នាំ ២០១៣ ឥឡូវនេះ កំពុងត្រូវបានឃុំខ្លួន នៅនាយកដ្ឋានប្រឆាំងភេរវកម្ម»។
ចារកម្មអាមេរិកនិយាយថា មនុស្សជាង ១.០០០នាក់ ត្រូវបានសម្លាប់ ដោយឧស្ម័នពុល នៅជាយក្រុងនៃរដ្ឋធានីដាម៉ាកាសរបស់ប្រទេសស៊ីរី ក្នុងឆ្នាំ ២០១៣ ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលស៊ីរី។
ការវាយប្រហារនេះ ត្រូវបានសន្មតថា ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលស៊ីរី ក្រោមការគ្រប់គ្រងរបស់លោក បាសា អាល់អាសាដ ( Bashar al-Assad) ដែលត្រូវបានផ្តួលរំលំ នៅចុងឆ្នាំ ២០២៤។
នៅពេលនោះ រដ្ឋាភិបាលបានបដិសេធថា ពុំមានការពាក់ព័ន្ធទេ និងបានបន្ទោសទៅលើក្រុមឧទ្ទាម៕

