អ្នកដំណើរនៅលើខ្សែរថភ្លើង Bekasi នៃទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី បានបន្តធ្វើដំណើរតាមរថភ្លើងនៅថ្ងៃព្រហស្បតិ៍ ៣០ មេសាសប្ដាហ៍នេះ ខណៈស្ថានីយ៍ East Bekasi បានបើកដំណើរការឡើងវិញជាច្រើនថ្ងៃបន្ទាប់ពីហេតុការណ៍រថភ្លើងបុកគ្នាដ៏សាហាវមួយដែលបានសម្លាប់អ្នកដំណើរចំនួន១៦នាក់។
ខណៈសេវារថភ្លើងបានវិលត្រឡប់រកសភាពធម្មតាវិញ អ្នកដំណើរជាច្រើនបាននិយាយថាការភ័យខ្លាច និងរបួសផ្លូវចិត្តនៅតែបន្តកើតមាន ដោយអំពាវនាវឱ្យក្រុមអាជ្ញាធរបង្កើនសុវត្ថិភាពនៅចំណុចឆ្លងកាត់ផ្លូវដែក។
អ្នកដំណើរជាច្រើនបាននិយាយថា គ្រោះថ្នាក់នេះបានធ្វើឱ្យពួកគេញ័ររន្ធត់ និងភ័យខ្លាចនៅពេលពួកគេត្រឡប់ទៅធ្វើការវិញ ខណៈកំពុងកាន់ទុក្ខជនរងគ្រោះ និងជំរុញឱ្យមានវិធានការសុវត្ថិភាពកាន់តែរឹងមាំដូចជារបាំងនៅចំណុចឆ្លងកាត់ផ្លូវដែកដែលគ្មានអ្នកយាមកាមជាដើម។

ការប៉ះទង្គិចគ្នារវាងរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងផ្លូវឆ្ងាយបានកើតឡើងកាលពីយប់ថ្ងៃច័ន្ទ ២៧ខែមេសាសប្ដាហ៍នេះ ក្នុងទីក្រុង Bekasi នៅខាងក្រៅរដ្ឋធានី ហ្សាការតា ដោយទូរថភ្លើងមួយដែលបម្រុងទុកសម្រាប់ស្ត្រីរងរបួសធ្ងន់ រងការប៉ះពាល់ពីហេតុការណ៍នេះ។
គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីរថយន្តតាក់ស៊ីមួយបានឈប់នៅលើចំណុចឆ្លងកាត់មួយក្បែរស្ថានីយ៍ Bekasi Timur នេះបើយោងតាមការដកស្រង់សម្តីរបស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Dudy Purwagandhi។ របាយការណ៍បាននិយាយថា រថភ្លើងដឹកអ្នកដំណើរត្រូវបានជាប់នៅលើកន្លែងរង់ចាំរបស់អ្នកដំណើរ ជាកន្លែងដែលរថភ្លើងដឹកអ្នកដំណើរ ត្រូវបានបុកដោយរថភ្លើងផ្លូវឆ្ងាយ៕

