ក្រុមមន្រ្តីនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយប្រហារយានដ្រូនរុស្ស៊ីកាលពីយប់កន្លងទៅលើទីក្រុងភាគខាងត្បូង Odesa របស់អ៊ុយក្រែន បណ្តាលឲ្យមនុស្សយ៉ាងហោច ១៨នាក់ រងរបួស និងធ្វើឲ្យខូចខាតអគារស្នាក់នៅរបស់អ្នកស្រុកជាច្រើនខ្នង ។
លោក Serhiy Lysak គឺជាប្រធានរដ្ឋបាលយោធាក្នុងស្រុក និយាយថា ការវាយប្រហារនេះ បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរនៅស្រុកភាគកណ្តាល Prymorskyi ជាទីដែលអគារខ្ពស់ៗ និងអគារកម្ពស់ ៥ជាន់ រងការបំផ្លិចបំផ្លាញ ។
លោកថា ការវាយប្រហារខាងលើបណ្តាលឲ្យអគារជាន់លើរងការឆាបឆេះជាអគ្គិភ័យ ប៉ុន្តែបច្ចុប្បន្នអគ្គិភ័យនេះ ត្រូវបានទប់ស្កាត់ជាប់ ។

ក្រុមជួយសង្រ្គោះកំពុងព្យាយាមពន្លត់អណ្តាតភ្លើង និងជម្លៀសមនុស្សចេញពីអគារ ត្រូវបាន មើលឃើញនៅក្នុងរូបភាពវីដេអូដែលបញ្ចេញដោយសេវាកម្មសង្រ្គោះបន្ទាន់អ៊ុយក្រែន ។
សេវាកម្មសង្រ្គោះបន្ទាន់និយាយថា ចំនួនមនុស្សរងរបួស អាចនឹងផ្លាស់ប្តូរ ពេលដែលតួលេខពិតប្រាកដ ត្រូវបានបង្ហាញ ។
ទីក្រុង Odesa ដែលជាទីក្រុងកំពង់ផែស្ថិតក្នុងសមុទ្រខ្មៅ និងជាកំពង់ផែនាំចេញដ៏សំខាន់របស់អ៊ុយក្រែន បានក្លាយជាគោលដៅវាយប្រហារម្តងហើយម្តងទៀតពីយានដ្រូន និងមីស៊ីលរុស្ស៊ី អំឡុងសង្រ្គាមរយៈពេលជាង ៤ឆ្នាំកន្លងមកនេះ ។ មនុស្ស ១៤នាក់ បានរងរបួស អំឡុងការវាយប្រហារកាលពីថ្ងៃចន្ទកន្លងទៅ ៕
