ប្រធានក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) បានថ្កោលទោសអ្វីដែលលោកចាត់ទុកថាជាការវិធានការបង្រ្កាបបោសសម្អាតលើក្រុមប្រឆាំងដោយអាជ្ញាធរអ៊ីរ៉ង់ ដោយរូបលោកលើកឡើងពីការប្រហារជីវិត ការចាប់ខ្លួនទ្រង់ទ្រាយធំ ការរឹបអូសទ្រព្យសកម្ម និងការបិទអ៊ីនធឺណិតទ្រង់ទ្រាយធំ ។
អ្នកស្រី Ravina Shamdasani គឺជាអ្នកនាំពាក្យក្រុមសិទ្ធិមនុស្ស UNនិយាយថា ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Türk បានថ្កោលទោសការបង្រ្កាបរបស់ក្រុមអាជ្ញាធរអ៊ីរ៉ង់លើក្រុមប្រឆាំង ហើយការបំពានសិទ្ធិមនុស្សនៅតែបន្ត បើទៅបីជាប្រទេសមួយនេះ ញាំញីដោយសារការវាយប្រហាររបស់សហដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ ។

អ្នកស្រី Shamdasani និយាយថា បើទោះបីជាមានផលប៉ះពាល់ដោយសារការវាយប្រហាររបស់សហដ្ឋអាមេរិក និងអ៊ីស្រាអែលយ៉ាងណាក្តី សិទ្ធិសេរីភាពរបស់ពលរដ្ឋអ៊ីរ៉ង់នៅតែរំលោភបំពានដោយអាជ្ញាធរអ៊ីរ៉ង់ តាមវិធីសាស្រ្តដ៏ឃោឃៅ ។
អ្នកស្រីបន្តថា ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈរហូតមក មនុស្សយ៉ាងហោច ២១នាក់ ត្រូវបានប្រហារជីវិត ហើយមនុស្សជាង ៤ពាន់នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនពីបិទពាក់ព័ន្ធនឹងសន្តិសុខជាតិ ។
ការិយាល័យសិទ្ធិមនុស្ស UN បានបង្ហាញការព្រួយបារម្ភផងដែរចំពោះជោគវាសនារបស់អ្នកជាប់ឃុំដែលត្រូវបានបញ្ជូនទៅកាន់ទីតាំងពុំបានបញ្ជាក់ ។
អ្នកស្រី Shamdasani និយាយថា ម្ចាស់ជ័យលាភីណូបែលសន្តិភាពលោកស្រី Narges Mohammadi បន្តជាប់ខ្លួនក្នុងពន្ធនាគារ ក្រោមស្ថានភាពប្រឈមហានិភ័យខ្ពស់ ក្នុងនោះសេចក្តីរាយការណ៍បញ្ជាក់ថា សុខភាពរបស់លោកស្រី កាន់តែធ្ងន់ធ្ងរទៅ ៕
