បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានស្នើឲ្យបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ានូវមីស៊ីលល្បឿនលឿនជាងសំឡេង Dark Eagle ដែលត្រូវបានពន្យារពេលយ៉ាងយូររបស់កងទ័ព សម្រាប់លទ្ធភាពដែលអាចត្រូវបានប្រើប្រាស់ ប្រឆាំងនឹងអ៊ីរ៉ង់ ដោយស្វែងរកប្រព័ន្ធប្រយុទ្ធរយៈចម្ងាយកាន់តែឆ្ងាយ ដើម្បីវាយប្រហារជើងទម្របាញ់មីស៊ីលបាលីស្ទិក ដែលនៅជ្រៅក្នុងប្រទេសនេះ។
ប្រសិនបើត្រូវបានអនុម័ត វានឹងជាលើកដំបូងដែលសហរដ្ឋអាមេរិកដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ខ្លួន ដែលកំពុងដំណើរការដោយយឺតយ៉ាវណាស់ និងមិនទាន់ត្រូវបានប្រកាសពីដំណើរការពេញលេញនៅឡើយទេ ទោះបីជារុស្ស៊ី និងចិន បានដាក់ពង្រាយនូវជំនាន់ផ្ទាល់ខ្លួនរបស់ពួកគេហើយក៏ដោយ។
បុគ្គលមួយរូបដែលដឹងដោយផ្ទាល់ អំពីសំណើនេះ បានឲ្យដឹងថា សំណើយោធាផ្លូវការនេះ បង្ហាញពីហេតុផលត្រឹមត្រូវ ក្នុងការមានចំណាត់នេះ ដោយបញ្ជាក់ថា អ៊ីរ៉ង់បានធ្វើបម្លាស់ទីជើងទម្រ ចេញពីចម្ងាយរបស់មីស៊ីលវាយប្រហារជាក់លាក់ ជាអាវុធដែលអាចវាយប្រហារគោលដៅនៅចម្ងាយជាង ៤៨០គីឡូម៉ែត្រ។
បុគ្គលនោះបានស្នើសុំមិនបញ្ចេញឈ្មោះរបស់ខ្លួនឡើយ ដោយសារកំពុងនិយាយអំពីសំណើមួយ ដែលមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ បុគ្គលនោះបានបន្ថែមថា មិនទាន់មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេ លើសំណើនេះ។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទេ។
បទឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី៩ ខែមេសា ប៉ុន្តែសំណើនេះបង្ហាញថា សហរដ្ឋអាមេរិកកំពុងរៀបចំការវាយប្រហារបន្ថែមទៀត ប្រសិនបើប្រធានាធិបតី លោក Donald Trump សម្រេចចិត្តបន្តសង្រ្គាម៕

