ក្រុមអ្នកឡើងភ្នំជនជាតិភាគតិចនេប៉ាល់ Sherpas បានចាប់ផ្តើមបោសសម្អាតផ្លូវ ដើម្បីឡើងទៅលើកំពូលភ្នំ Everest ។
ពួកគេនឹងចាប់ផ្តើមដំណើររបស់ពួកគេទៅកាន់កំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោកមួយនេះ ក្រោយរយៈពេលច្រើនសប្តាហ៍មិនអាចឡើងបាន ដោយសារគំនរទឹកកកបិទផ្លូវ ។
ក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមអ្នកឡើងភ្នំ នឹងអាចចាប់ផ្តើមដំណើររបស់ពួកគេម្តងទៀតបាន ដើម្បីឡើងទៅដល់កំពូលភ្នំ Everest ។
គួរឲ្យដឹងថា ផ្ទាំងទឹកក បានរលាយ និងដាច់ចេញពីគ្នា ធ្វើឲ្យអ្នកឡើងភ្នំជនជាតិភាគតិច Sherpa ឡើងទៅបោសសម្អាតវា ដើម្បីបើកផ្លូវទៅកាន់ជំរំទី ១ ។
ការបោសសម្អាតិនេះ បានកើតមានឡើង ស្របពេលដែលអ្នកឡើងភ្នំរាប់រយនាក់ ជាប់ខ្លួននៅជំរំមូលដ្ឋានភ្នំ Everest អស់រយៈពេលជាង ២សប្តាហ៍ មុនពេលការប៉ុនប៉ងឡើងទៅកំពូលភ្នំ ចាប់ផ្តើមនៅខែក្រោយនេះ ។
សូមបញ្ជាក់ថា រដូវកាលឡើងភ្នំ Everest មានចាប់ពីខែមេសា ដល់ខែឧសភា គឺជាខែដែលផ្តល់នូវស្ថានភាពអាកាសធាតុល្អបំផុត ក្នុងការឡើងទៅដល់កំពូលភ្នំមួយនេះ ។
មកទល់នឹងពេលនេះ ក្នុងរដូវកាលនេះ ក្រុមអាជ្ញាធរនេប៉ាល់ បានអនុញ្ញាតឲ្យមនុស្សឡើងលើកំពូលភ្នំ Everest ចំនួន ៤២៥នាក់ ដែលមានតម្លៃម្នាក់ៗ ១៥.០០០តុល្លារ ៕
