លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងទទួលបានការជូនដំណឹងនៅថ្ងៃព្រហស្បតិ៍នេះពីមេដឹកនាំនៃទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) លោក Brad Cooper អំពីផែនការថ្មីសម្រាប់សកម្មភាពយោធា ដែលអាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មាន Axios បានចេញផ្សាយកាលពីនៅថ្ងៃពុធ។

របាយការណ៍នេះ បានដកស្រង់ប្រភពដែលមិនស្គាល់អត្តសញ្ញាណ។ សេតវិមាន និងទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
CENTCOM បានរៀបចំផែនការសម្រាប់រលកវាយប្រហាររយៈពេល «ខ្លី និងដ៏ខ្លាំងក្លា» លើអ៊ីរ៉ង់ ដែលទំនងជារួមទាំងគោលដៅហេដ្ឋារចនាសម្ព័ន្ធ នេះបើយោងតាមរបាយការណ៍របស់ Axios ដោយដកស្រង់ប្រភព។
បទឈប់បាញ់ដ៏ផុយស្រួយក្នុងសង្គ្រាមអ៊ីរ៉ង់ បានចាប់ផ្តើមកាលពីបីសប្តាហ៍មុន។ សង្គ្រាមបានចាប់ផ្តើមនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារផ្ទាល់ខ្លួនលើអ៊ីស្រាអែល និងរដ្ឋឈូងសមុទ្រដែលមានមូលដ្ឋានអាមេរិក។ ការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ និងការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងមនុស្សរាប់លាននាក់ ត្រូវផ្លាស់ទីលំនៅ។ នាពេលកន្លងមក លោក ត្រាំ បានគំរាមកំហែងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់។ អ្នកជំនាញច្បាប់អន្តរជាតិនិយាយថា ការវាយប្រហារបែបនេះ អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។ អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ ស្តីពីការប្រព្រឹត្តមនុស្សធម៌ក្នុងសង្គ្រាមហាមឃាត់ការវាយប្រហារលើទីតាំងដែលត្រូវបានចាត់ទុកថា សំខាន់សម្រាប់ជនស៊ីវិល៕
