យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា មនុស្សយ៉ាងហោច ៩នាក់ ត្រូវបានសម្លាប់ និងមនុស្ស ២២នាក់ផ្សេងទៀត រងរបួស បន្ទាប់ពីឧបទ្ទេវហេតុគ្រោះថ្នាក់ពាក់ព័ន្ធនឹងរថយន្តក្រុងធ្វើដំណើរតាមផ្លូវហាយវ៉េ ពីព្រំដែនឈីលីទៅកាន់ទីក្រុង Oruro របស់បូលីវី ។
ឧបទ្ទេហេតុគ្រោះថ្នាក់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃពុធ ហើយមូលហេតុនៃគ្រោះថ្នាក់ កំពុងស្ថិតក្នុងការស៊ើបអង្កេត ។
អ្នកដំណើរគ្មានអត្តសញ្ញាណម្នាក់ និយាយថា ពួកយើងធ្វើដំណើរមកពីព្រំដែនឈីលី អ្នកបើកបរប្រញាប់ប្រញាល់ឲ្យពួកយើងឡើងលើរថយន្ត ។
លោកបន្តថា អ្នកបើកបរហាក់ដូចជាប្រញាប់ខ្លាំងណាស់ ហើយគាត់ពុំមានប័ណ្ណបើកបរនៅលើផ្លូវហាយវ៉េថែមទៀតផង ។
អ្នកបើកបរអាយុ ២៩ឆ្នាំ បានរស់រានពីគ្រោះថ្នាក់នេះ ដោយមានរបួសខួរក្បាលស្រាល ហើយនិងធ្វើតេស្តគ្មានជាតិស្រវឹងក្នុងខ្លួននោះទេ ។
ដោយឡែក ការស៊ើបអង្កេតបឋមបង្ហាញថា ឧបទ្ទេវហេតុគ្រោះថ្នាក់នេះ បានកើតឡើងដោយសារការបើកលឿនលើសល្បឿនកំណត់ ហើយនិងការធ្វេសប្រហែសរបស់អ្នកបើកបរ ៕

