យ៉ាងហោចណាស់មនុស្ស ៣៥៨នាក់ ត្រូវបានប្រហារជីវិត ក្រោមរបបរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un)។ នេះបើយោងតាមរបាយការណ៍របស់ក្រុមការងារយុត្តិធម៌អន្តរកាល (Transitional Justice Working Group) ដែលជាអង្គការសិទ្ធិមនុស្សអន្តរជាតិមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
របាយការណ៍នេះ ដែលផ្អែកលើការវិភាគសក្ខីកម្មពីអ្នករត់ចេញពីប្រទេសកូរ៉េខាងជើង និងព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយអនឡាញ ដែលមានជំនាញខាងកូរ៉េខាងជើង មានគោលបំណងបង្ហាញពីអ្វីដែលខ្លួនចាត់ទុកថា ជា «ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ» ដែលមិនអើពើនឹងក្ដីបារម្ភរបស់អន្តរជាតិ អំពីការប្រហារជីវិតដោយបំពាន។
បើយោងតាមរបាយការណ៍ បានឲ្យដឹងទៀតថា ក្នុងចំណោមករណីប្រហារជីវិតសរុបចំនួន ១៤៤ករណី មាន ១៣៦ករណីត្រូវបានកត់ត្រា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥៨នាក់ ខណៈដែលករណី ៨ផ្សេងទៀត ពាក់ព័ន្ធនឹងមនុស្ស ៨នាក់ដែលត្រូវបាននាំចេញពីកន្លែងកាត់ក្តីសាធារណៈ ដែលធ្វើឲ្យពិបាកដឹងថា តើពួកគេត្រូវបានប្រហារជីវិតដែរឬ យ៉ាងណា។
របាយការណ៍នេះបានបន្ថែមថា ទាក់ទងនឹងវិធីសាស្រ្តនៃការប្រហារជីវិត ក្រុមបាញ់ប្រហារដោយប្រើកាំភ្លើងវែង និងកាំភ្លើងយន្ត គឺជាករណីទូទៅបំផុត ខណៈពេលដែល ២ករណី ត្រូវបានអះអាងថា ត្រូវបានព្យួរក នៅចំពោះមុខសាធារណជន។
របាយការណ៍ដដែលនេះ បានបញ្ជាក់ថា «ការរំលោភបំពានលើច្បាប់គ្រប់គ្រង» ក្នុងនោះរួមទាំងការចែកចាយខ្សែភាពយន្ត រឿងភាគ និងតន្ត្រីកូរ៉េខាងត្បូង ក៏ដូចជាសម្ភារៈវប្បធម៌បរទេស និងព័ត៌មាន ទាក់ទងនឹងសាសនា មានចំនួនប្រហែល ២០ភាគរយនៃការចោទប្រកាន់ បន្ទាប់មកប្រហែល ១៣ភាគរយ សម្រាប់ករណីឃាតកម្ម និងប្រហែល ១១ភាគរយ សម្រាប់បទល្មើសគ្រឿងញៀន៕