ប្រទេសចិនបានបញ្ជាក់ថា ខ្លួននឹងសងសឹកសហភាពអឺរ៉ុប (EU) ប្រសិនបើប្លុកនេះបន្តជំរុញសំណើហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei Technologies Co នៅទូទាំងទ្វីបអឺរ៉ុប ដោយនេះជាការកើនឡើងនូវភាពតានតឹង នៅក្នុងការប៉ះទង្គិចគ្នាដ៏យូរ ពាក់ព័ន្ធនឹងសន្តិសុខជាតិ និងផលិតផលរបស់ក្រុមហ៊ុនទូរគមនាគមន៍។
បេសកកម្មចិន ប្រចាំ EU បានស្នើថា គណៈកម្មការត្រូវលុបចោលភាសាដែលនឹងប្រកាសពីឧបករណ៍របស់ចិន ជាកង្វល់សន្តិសុខតាមអ៊ីនធឺណិត ឬដាក់ស្លាកក្រុមហ៊ុនពីប្រទេសនេះថា ជាអ្នកផ្គត់ផ្គង់ «ដ៏មានហានិភ័យខ្ពស់» នៅក្នុងសំណើមួយពីអនុប្រធានប្រតិបត្តិគណៈកម្មការ លោកស្រី Henna Virkkunen។
លោកស្រី Virkkunen កំពុងស្វែងរកមធ្យោបាយ ដើម្បីជំរុញប្រទេសនានានៅក្នុងប្លុកឲ្យកាត់បន្ថយជាលំដាប់នូវឧបករណ៍របស់ក្រុមហ៊ុន Huawei និងក្រុមហ៊ុនរួមជាតិ ZTE Corp ពីហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់ពួកគេ ហើយកាលពីខែមករា បានស្នើវិធានការចាំបាច់ដែលមានបំណងធានាសុវត្ថិភាពបណ្តាញ នៅក្នុងច្បាប់សន្តិសុខតាមអ៊ីនធឺណិត។
ក្នុងសេចក្តីថ្លែងការណ៍មួយ នៅឯកិច្ចប្រជុំ ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦) បេសកកម្មចិនបានលើកឡើងថា៖ «ប្រសិនបើ EU នៅតែបន្តអនុម័តសំណើនេះ ប្រទេសចិននឹងត្រូវឆ្លើយតបវិញដោយអនុវត្តវិធានការតបតដែលត្រូវគ្នា ប្រឆាំងនឹង EU និងក្រុមហ៊ុនរបស់ EU»។
ប្រសិនបើ EU ប្រើប្រាស់ច្បាប់ ដើម្បីតម្រូវឲ្យក្រុមហ៊ុនអឺរ៉ុបបញ្ឈប់ការប្រើប្រាស់ឧបករណ៍ចិនជាបណ្តើរៗ ប្រទេសចិនអាច «បើកការស៊ើបអង្កេតពាក់ព័ន្ធទៅលើ EU ឬក្រុមហ៊ុន EU ហើយចាត់វិធានការតបតវិញ